កម្លាំងនគរបាលខេត្តកំពត នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងក្រោមបទឆបោកលុយប្រជាពលរដ្ឋដោយភូតភរថានាំកូនចៅទៅធ្វើការនៅប្រទេសកូរ៉េ។
លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្តកំពតបានប្រាប់ឱ្យដឹងថា ជនសង្ស័យក្នុងករណីខាងលើឈ្មោះ សាន់ សុកវី ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិអូររលួស ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកស្នងការរងបានបញ្ជាក់ថា ក្រោយទទួលបណ្តឹងពីប្រជាពលរដ្ឋ២២គ្រួសារនូវការខាតបង់ប្រាក់អស់៤៦.៣០៥ដុល្លារចាប់ពីខែមិថុនា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន ព្រោះតែឈ្មោះ សាន់ សុកវី ឆបោកថានាំកូនចៅរបស់ពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ បានបញ្ជាដល់មន្ត្រីជំនាញខេត្តសហការជាមួយកម្លាំងអធិការដ្ឋានស្រុកកំពង់ត្រាចចុះស្រាវជ្រាវក្រោមទម្រង់ជាបទល្មើសជាក់ស្តែង។
ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតដោយនាំជនសង្ស័យមកសាកសួរ និងមានការណែនាំពីតំណាងអយ្យការអមសាលាដំូងខេត្ត សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីបន្តនីតិវិធី។
លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ក្រោមគំនិតផ្តួចផ្តើមរបស់ប្អូនថ្លៃស្រីកំពុងធ្វើការនៅប្រទេសកូរ៉េ ពួកគេក៏បានបើកទីតាំងនៅភូមិទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញសម្រាប់ភ្ញៀវទំនាក់ទំនងទៅធ្វើការនៅប្រទេសកូរ៉េ។ ក្នុងនាមជាសមាជិកក្រុមការងារដែលទទួលប្រាក់ខែ៥០០ដុល្លារ ឈ្មោះសាន់ សុកវី មានតួនាទីចាំទំនាក់ទំនងភ្ញៀវ និងត្រូវបានតម្រូវឱ្យបង្កើតគណនីធនាគារ សម្រាប់ទទួលលុយពីអ្នកដាក់ពាក្យធ្វើការ រួចផ្ទេរបន្តចូលគណនីធនាគារមួយទៀតឈ្មោះ KOUY LAIHEANG បន្ទាប់ពីភ្ញៀវបង់មុន៥០ភាគរយ ពោលគឺចន្លោះពី១.០០០ដុល្លារទៅ២.៥០០ដុល្លារ។
ជនសង្ស័យបានបញ្ជាក់ថា អំឡុងពេលធ្វើការងារ ខ្លួនបានទទួលអ្នកដាក់ពាក្យប្រមាណ២០០នាក់មកពីបណ្តារាជធានីខេត្តចំនួន១២ និងទឹកប្រាក់ប្រមាណជាង៣០ម៉ឺនដុល្លារ។ ដោយសារកូនចៅមិនបានទៅធ្វើការនៅប្រទេសកូរ៉េ ប្រជាពលរដ្ឋក៏នាំគ្នាមកទារលុយវិញ តែជនសង្ស័យប្រាប់ថាលុយទាំងនោះគឺបានផ្ទេរចូលគណនីឈ្មោះ KOUY LAIHEANG អស់ភ្លាមៗក្រោយពេលភ្ញៀវបង់ឱ្យ៕
