
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការវាយឆ្មក់តាមអាកាសលើគោលដៅរបស់ក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែន។
លោកបាននិយាយនៅក្នុងសុន្ទរកថាវីដេអូពិសេសមួយថា៖«កុំសង្ស័យការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន តាមគ្រប់មធ្យោបាយ។ អ្នកដែលព្យាយាមធ្វើបាបពួកយើង នឹងរងផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ការឈ្លានពានរបស់ពួកគេ»។ «អ្នកទាំងឡាយណាដែលប្រឹងប្រែងធានាឲ្យតំបន់មជ្ឈិមបូព៌ា មានសុវត្ថិភាព និងស្ថិរភាពជាងនេះ គួរតែគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់អ៊ីស្រាអែលប្រឆាំងនឹង [អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន] នៅក្នុងប្រទេសយេម៉ែន នៅហ្កាហ្សា នៅលីបង់ និងកន្លែងផ្សេងទៀត»។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា នៅព្រឹកព្រលឹមថ្ងៃទី ២០ ខែកក្កដា លោក«បានស្នើឲ្យគណៈរដ្ឋ មន្ត្រីអ៊ីស្រាអែល គាំទ្រការសម្រេចចិត្តរបស់ខ្លួន ក្នុងការវាយប្រហារប្រឆាំងនឹងគោលដៅរបស់ក្រុមហ៊ួទី ក្នុងប្រទេសយេម៉ែន"។

«កំពង់ផែដែលត្រូវបានកំណត់គោលដៅ គឺមិនមែនជាកំពង់ផែគ្មានកំហុសទេ។កំពង់ផែនេះ ត្រូវបានប្រើជាច្រកចូលរបស់ពួកគេសម្រាប់សព្វាវុធដែលផ្គត់ផ្គង់ដោយអ៊ីរ៉ង់ដល់ក្រុមហ៊ួទី។ នៅក្នុងការលើកឡើងរបស់លោក ក្រុមហ៊ួទី បានប្រើអាវុធទាំងនោះ ដើម្បីវាយប្រហារអ៊ីស្រាអែល វាយប្រហាររដ្ឋអារ៉ាប់ នៅក្នុងតំបន់ និងវាយប្រហារជាច្រើនទៀត»។