
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា៖«កងទ័ពអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើជំរំជនភៀសខ្លួន នៅហ្កាហ្សាភាគកណ្តាលនៃទីក្រុង Nuseirat ចំនួន ៦៣លើក ក្នុងរយៈពេល ៧ថ្ងៃ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩១នាក់ និង ២៥១នាក់ផ្សេងទៀត រងរបួស។
ក្រុមប្រឆាំងដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានចាត់ទុករដ្ឋបាលអ៊ីស្រាអែល និងរដ្ឋបាលអាមេរិក ជាអ្នក«ទទួលខុសត្រូវទាំងស្រុង» ចំពោះការបន្តការសម្លាប់នៅក្នុងជំរំជនភៀសខ្លួន ដែលបច្ចុប្បន្នមានប្រជាជនប្រមាណ ២៥០.០០០នាក់ រួមទាំងអ្នកផ្លាស់ទីលំនៅថ្មីៗផងដែរ។
ប្រតិបត្តិការនេះ បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ នៅពេលដែលការវាយប្រហារដ៏ធំមួយ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រាប់រ៉ុក្កែត បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣ នាក់ និង៧៣ នាក់ផ្សេងទៀត បានរងរបួសនៅឯសាលារៀន ដែលបង្កើតឡើងដោយអង្គការ UNRWA ប៉ុន្តែយោធាអ៊ីស្រាអែលក្រោយមក បាននិយាយថា ការវាយប្រហារនេះ សំដៅទៅលើ «ក្រុមភេរវករ» សកម្ម នៅទីនោះ និង ផ្អែកលើការស៊ើបអង្កេតជាក់លាក់»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងការពារអ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសពីបទ «ប្រើ រចនាសម្ព័ន្ធស៊ីវិល និងប្រជាជន ជាខែលការពារមនុស្សសម្រាប់ការវាយប្រហារភេរវកម្មប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល»។