អាមេរិក៖ រដ្ឋមន្ត្រីក្រសួងការបរទេស Antony Blinken បាននិយាយថា ជនជាតិអាមេរិកតិចជាង ២០០នាក់នៅតែមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលចង់ចាកចេញ ហើយសហរដ្ឋអាមេរិកនឹងបន្តព្យាយាមនាំពួកគេចាកចេញ។

លោក Blinken និយាយថា ចំនួនពលរដ្ឋអាមេរិកដែលបានចាកចេញអាចមានចំនួនទាបជាង ១០០នាក់ លោកថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសជិតខាងនានារបស់អាហ្វហ្គានីស្ថាន ដើម្បីធានាការចាកចេញទាំងតាមផ្លូវគោក ទាំងតាមជើងហោះហើរពិសេសនៅពេលដែលអាកាសយានដ្ឋានកាប៊ុលបើកឡើងវិញ។
ថ្លែងភ្លាមៗបន្ទាប់ពីមន្ទីរបញ្ចកោណប្រកាសពីការបញ្ចប់ ការដកទ័ពអាមេរិកកាលពីថ្ងៃចន្ទ លោក Blinken បាននិយាយថា ស្ថានទូតអាមេរិកនៅទីក្រុងកាប៊ុលនឹងនៅតែបន្តបិទទ្វារ និងទុកឲ្យនៅទំនេរសម្រាប់ពេលអនាគតដ៏ខ្លីខាងមុខនេះ។ លោកបាននិយាយថា អ្នកការទូតអាមេរិកដែលបានធ្វើការពីស្ថានទូតដែលត្រូវបិទទ្វារ ឥឡូវនេះនឹងតាំងមូលដ្ឋាននៅទីក្រុងដូហា ប្រទេសកាតា៕
អត្ថបទ៖ សុខមាន