ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៥៥ នាក់បានស្លាប់នៅក្នុងបំណាក់ដី នៅតំបន់ដាច់ស្រយាលនៃភាគខាងត្បូងប្រទេសអេត្យូពីកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ដោយព្រមានថាចំនួនអ្នកស្លាប់អាចកើនឡើង។

សេចក្តីថ្លែងការណ៍ពីនាយកដ្ឋានកិច្ចការទំនាក់ទំនងតំបន់ Gofa បាននិយាយ ដោយដកស្រង់សម្តីប្រធានតំបន់ លោក ដាកម៉ាវី ហ្សេរីហាន (Dagmawi Zerihun) ដែលបានព្រមានថា "ចំនួនអ្នកស្លាប់នៅតែអាចកើនឡើង" ថា នៅពេលនេះមាន"សាកសពជាង ៥០នាក់ត្រូវបានរកឃើញពីបំណាក់ដី"។

លោក ដាម៉ាកវី បាននិយាយថា បំណាក់ដីនេះ បានកើតឡើងប្រហែលម៉ោង១០ ព្រឹក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ដាច់ស្រយាលមួយនេះ។
លោកបានបន្ថែមថា ការស្វែងរកអ្នកនៅរស់រានមានជីវិតកំពុងតែបន្តយ៉ាងញាប់ដៃញាប់ជើង។
គួររម្លឹកថា តំបន់នេះ ធ្លាប់បានជួបប្រទះគ្រោះបំណាក់ដីដ៏សោកនាដកម្មកាលពីមុនមក ដោយមានមនុស្សយ៉ាងហោចណាស់៣២ នាក់បានស្លាប់កាលពីឆ្នាំ២០១៨ កន្លងទៅ បន្ទាប់ពីបំណាក់ដីនៅទីតាំងពីរកន្លែងផ្សេងគ្នាក្នុងរយៈពេលមួយសប្តាហ៍៕