ជើងឯក NBA បួនសម័យ LeBron James នឹងជាអ្នកកាន់ទង់ក្នុងការដង្ហែអត្តពលិកអាមេរិកនៅពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសប្រទេសបារាំង នេះបើតាមការបញ្ជាក់របស់អូឡាំពិកអាមេរិក។
ម្ចាស់មេដាយមាសអូឡាំពិកពីរលើក បច្ចុប្បន្នវ័យ ៣៩ ឆ្នាំ នឹងបង្ហាញខ្លួននៅព្រឹត្តិការណ៍អូឡាំពិកជាលើកទីបួន។
“នេះជាមហាកិត្តិយសមួយក្នុងជីវិត ដែលត្រូវបានជ្រើសរើសឱ្យកាន់ទង់ជាតិអាមេរិកនៅក្នុងមហាព្រឹត្តិការណ៍កីឡាធំបំផុតលើលោក” នេះជាសំដីរបស់ LeBron James ក្រោយត្រូវបានជ្រើសរើសជាអ្នកកាន់ទង់។
អត្តពលិកដែលត្រូវបានជ្រើសរើសឱ្យកាន់ទង់តំណាងឱ្យអត្តពលិកអាមេរិកនេះ គឺត្រូវបានបោះឆ្នោតដោយអត្តពលិកអាមេរិកទាំងអស់។
រំលឹកថា LeBron James ដែលជាកីឡាករបោះបញ្ចូលកន្ត្រកបានពិន្ទុច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត NBA នោះ ធ្លាប់ឈ្នះមេដាយសំរិទ្ធអូឡាំពិកកាលពីឆ្នាំ ២០០៤ នៅប្រទេសក្រិក ឈ្នះមេដាយមាសអូឡាំពិក ២០០៨ នៅទីក្រុងប៉េកាំងប្រទេសចិន និងអូឡាំពិកទីក្រុងឡុងដ៍ឆ្នាំ ២០១២៕ អត្ថបទ៖នាង សុភាវុធ

