កាលពីថ្ងៃចន្ទម្សិលមិញ ប្រេសិតពិសេសសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានប្រកាសជំនួយ ៦០លានដុលលារ សម្រាប់ប្រទេសហៃទី អំឡុងដំណើរទស្សនកិច្ចរបស់លោកស្រី រយៈពេល ១ខែក្រោយទ័ពជំនួយដំបូងរបស់កេនយ៉ា បានធ្វើដំណើរទៅដល់ប្រទេសមួយនេះ ដែលជាផ្នែកមួយនៃបេសកកម្មសន្តិសុខអន្តរជាតិ មានគោលដៅដោះស្រាយអំពើហិង្សក្រុមអន្ធពាល ។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជំនួយមនុស្សធម៌នេះ ត្រូវបានប្រកាសឡើងដោយលោកស្រីឯកអគ្គរដ្ឋទូត Linda Thomas-Greenfield ខណៈប្រទេសហៃទី នឹងគាំទ្រដល់ពលរដ្ឋរបស់ខ្លួន ហើយនិងកាត់បន្ថយការរងគ្រោះបណ្តាលមកពីអំពើហិង្សាក្រុមអន្ធពាល ។
ជំនួយនេះនឹងបំពេញចន្លោះខ្វះខាតលើកង្វះខាតអាហារូបត្ថម្ភ សន្តិសុខស្បៀង និងទីជម្រក ក៏ដូចជាធ្វើឲ្យល្អប្រសើរឡើងសេវាកម្មអនាម័យ និងទឹកស្អាត នៅក្នុងចំណោមការគាំទ្រផ្សេងទៀត ។
អង្គការសហប្រជាជាតិ និយាយថា សង្រ្គាមរបស់ក្រុមអន្ធពាល បានធ្វើឲ្យពលរដ្ឋហៃទីជាង ៥៧៨.០០០នាក់ រត់ភៀសខ្លួន ខណៈមនុស្សជិត ៥លាននាក់ ដែលស្មើនឹងជិតពាក់កណ្តាលនៃពលរដ្ឋសរុប ១១,៧លាននាក់ ប្រឈមនឹងភាពស្រេកឃ្លានធ្ងន់ធ្ងរ ក្នុងនោះមនុស្ស ១,៦លាន ស្ថិតក្នុងហានិភ័យនៃភាពអត់ឃ្លាន ៕