នគរបាលប្រទេសអ៊ុយហ្គង់ដា បានឃុំខ្លួនបាតុកររាប់សិបនាក់ដោយប្រើកម្លាំង នៅទីក្រុង Kampala កាលពីថ្ងៃអង្គារ ទី២៣ ខែកក្កដា ខណៈដែលក្រុមយុវជន បានមកប្រមូលផ្តុំគ្នាប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល ដោយបានបំពានលើបម្រាមការធ្វើបាតុកម្ម។

វីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយ Reuters បានបង្ហាញ នគរបាលកំពុងចាប់អ្នកតវ៉ាដាក់ទៅលើរថយន្ត ដោយអ្នកជាប់ឃុំមួយចំនួនស្រែកថា «នេះជាប្រទេសរបស់យើង!» ពីខាងក្នុងរថយន្តនគរបាល។

កងកម្លាំងសន្តិសុខ ត្រូវបានគេមើលឃើញ កំពុងរុញមនុស្សច្រើននាក់ដោយដៃរបស់ពួកគេពីក្រោយខ្នង មុនពេលបើករថយន្តមានភ្លើងស៊ីរ៉ែន ដឹកពួកគេចេញទៅ។
លោក Nakayiza Safina ជាអ្នកតវ៉ាម្នាក់ក្នុងចំណោមអ្នកតវ៉ាជាច្រើន បាននិយាយថា ការតវ៉ា នៅថ្ងៃនេះត្រូវបានរៀបចំ ដើម្បីដោះស្រាយបញ្ហានៃអំពើពុករលួយ ដែលកំពុងរីករាលដាលនៅក្នុងរដ្ឋាភិបាលរបស់ប្រទេស។ ដូច្នេះហើយ បានជាយុវជន បានមកប្រមូលផ្តុំគ្នាដង្ហែរក្បួនតវ៉ា ទៅកាន់សភា ហើយបង្ហាញពីការមិនពេញចិត្តរបស់យើង ចំពោះអំពើពុករលួយ។
អាជ្ញាធរ បានហាមឃាត់ការតវ៉ា ដោយលើកឡើងពីហានិភ័យសន្តិសុខដែលអាចកើតមាន។
ជាការឆ្លើយតប នគរបាល និងទាហានប្រដាប់អាវុធយ៉ាងច្រើន ត្រូវបានដាក់ពង្រាយនៅពាសពេញកណ្តាលទីក្រុង ដោយបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ និងការល្បាត ដោយមានឧបករណ៍បង្ក្រាបកុបកម្ម ដើម្បីទប់ស្កាត់បាតុកម្មបន្ថែមទៀត។
រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Yoweri Museveni បានប្រឈមមុខទៅនឹងការចោទប្រកាន់ជាយូរមកហើយ អំពីអំពើពុករលួយ និងការរំលោភបំពានសិទ្ធិមនុស្ស ដែលរដ្ឋាភិបាលបានបដិសេធ។