ការកែទម្រង់ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលដល់វិស័យឯកជន រួមជាមួយការកែទម្រង់នៅក្នុងប្រព័ន្ធពន្ធដារ បានធ្វើឲ្យ បរិយាកាសវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរ និងបានកំពុងទាក់ទាញ និងហូរចូលមកបណ្តាក់ទុនលើវិស័យផ្សេងៗ ប្រកបដោយ បរិយាបន្ន។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយក ដ្ឋានពន្ធដារ លើកនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ និងសៀវភៅណែនាំស្តីពី ការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញាត្តិស្តីពីពន្ធដារ នៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៤ នេះថា ទាក់ទិនវិស័យពន្ធដារនេះ មុនកែទម្រង់ប្រព័ន្ធពន្ធដារ ការរៀបចំឯកសារ និងការបំពេញបែបបទផ្សេងៗ គឺបាន អនុវត្តដោយដៃ ជាពិសេសការប្រកាសពន្ធជាដើម ក្នុងនោះគឺត្រូវយកលុយទៅបង់ពន្ធដោយផ្ទាល់នៅតាមសាខាពន្ធដារ ប៉ុន្តែក្នុងពេល ឥឡូវនេះ អ្នកជាប់ពន្ធត្រូវបានបង់ពន្ធតាមប្រព័ន្ធអនឡាញឌីជីថល គឺបានផ្តល់ភាពងាយស្រួល និងចំណេញពេលវេលាជាដើម។ គឺដោយសារមកពីបដិវត្តន៍កម្មផ្នែកបច្ចេកវិទ្យា បានធ្វើឲ្យកម្ពុជាដើរយ៉ាងលឿននៅក្នុងរយៈពេល ១០ ឆ្នាំមកនេះ។

ឯកឧត្តម បន្តថា ជុំវិញបញ្ហាទាំងអស់នេះ គឺបានកើតឡើងក្រោមចក្ខុវិស័យដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល ជាក់ស្តែងជា ច្រើនឆ្នាំមកនេះ រាជរដ្ឋាភិបាលបង្កើតឲ្យមានវេទិកាវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីដោះស្រាយនូវបញ្ហាដែលកើតមាន ឡើងចំពោះវិស័យឯកជន។ កត្តាទាំងនេះបានបង្ហាញឲ្យឃើញនូវភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់ពីវិស័យឯកជន ក្នុងការមក បណ្តាក់ទុនរកស៊ីទទួលទានជាហូរហែរ ក្នុងនោះបើគិតក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីមានចំនួន ១៩០ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣,២ ពាន់លានដុល្លារអាមេរិក ។
ឯកឧត្តម គង់ វិបុល លើកឡើងបន្ថែមថា នៅក្នុងវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជន លើកទី១៩ កន្លងមកនេះ រាជរដ្ឋា ភិបាលបានដាក់ចេញនូវវិធានការមួយចំនួន ស្តីពីការកែលម្អបរិយាកាសវិនិយោគកម្ពុជា នេះគឺជាចំណុចមួយនៃវិធានការជាង ៥០ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងនោះចំនួនជាង ៥០ ទៀត ត្រូវបានកំពុងអនុវត្តជាបណ្តើរៗ ដោយក្នុងនោះអគ្គនាយកដ្ឋានពន្ធដារ ឈានមុខគេនៃការអនុវត្តវិធានការទាំងនោះ។
ទាក់ទិនការប្រមូលចំណូលពន្ធដារនេះ, តាមសារាចរណែនាំស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ រាជរដ្ឋាភិ បាលបានកំណត់ការអនុវត្តប្រមូលចំណូលថវិកាអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានគ្រោងចំនួន ១៤ ៦៤១ ប៊ីលានរៀល ត្រូវប្រមាណ ១០,២៤ ភាគរយ នៃ ផ.ស.ស. ដោយបានកើនឡើង ១៩,២ ភាគរយ ធៀបនិងច្បាប់ថវិកាឆ្នាំ ២០២៣ ដែលក្នុងនោះរាជរដ្ឋាភិបាល មិនបានដាក់ចេញនូវប្រភេទពន្ធថ្មី ឬការបង្កើនអត្រាពន្ធនោះឡើយ៕ អត្ថបទ៖ សុន រ៉ាឌី
