កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង។ ការជួបសំណេះសំណាលរបស់ឯកឧត្តមរដ្ឋមន្រ្តីនេះ គឺដើម្បីរួមចំណែក និងដោះស្រាយនូវបញ្ហាលំបាកនានារបស់មន្រ្តីរាជការក្រោមឱវាទ និងជាក្រុមគ្រួសារបរិស្ថាន ដែលមានយុទ្ធសាស្រ្តតែមួយ គោលដៅតែមួយ ដើម្បីអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើសសរស្តមបី គឺស្អាត បៃតង និងចីរភាព និងសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ជំរុញឱ្យមន្រ្តីបន្តពង្រឹងសមត្ថភាព ធ្វើអ្វីឲ្យច្បាស់ ឲ្យល្អ មានគុណភាព ភាពរឹងមាំ និងត្រូវចូលរួមធ្វើការប្តជ្ញាចិត្ត អនុវត្តនូវការងារទទួលបានជោគជ័យ ពិសេសត្រូវចូលរួមរួមផ្សព្វផ្សាយ ក៏ដូចជាលើកទឹកចិត្ត ឱ្យមានស្មារតីនៃអ្នកបរិស្ថាន ជំរុញឱ្យភាពស្អាតក្លាយជាចលនា កាត់បន្ថយប្លាស្ទិកបន្តិចម្តងៗឱ្យអស់នៅក្នុងពេលខាងមុខ និងជំរុញការបណ្តុះនិងចែកកូនឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង។
ឯកឧត្តម រដ្ឋមន្រ្តីបរិស្ថាន ក៏បានជំរុញបន្ថែមទៅដល់មន្រ្តីនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ត្រូវរួមសហការគ្នាបណ្តុះកូនត្នោតដែលជារុក្ខជាតិខ្មែរ សំរាប់យកទៅធ្វើការដាំដុះ នៅតាមតំបន់សំខាន់ៗ អាចបង្កើតជាំសក្តានុពលរបស់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ បង្កើនតចំណូលចូលសហគមន៍ផងដែរ។
ឯកឧត្តម រដ្ឋមន្រ្តី បណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តមន្រ្តី ឱ្យចូលរួមតាមដាន និងបន្តអនុវត្តការងារការពារវិស័យបរិស្ថានយើងនៅតាម ទីតាំងភូមិសាស្រ្ត ដែលខ្លួនទទួលខុសត្រូវ តាមរយៈវិធានការទាំង៤ចម្បងៗដែលក្រសួងបានដាក់ចេញ តាមការចង្អុលណែនាំនិងបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕









