
លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ បន្តនៅលើមាគ៌ានៃដំណោះស្រាយនយោបាយចំពោះវិបត្តិយេម៉ែន ដោយសង្កត់ធ្ងន់ថា៖«ដំណោះស្រាយចំពោះបញ្ហាយេម៉ែន ទាមទារមធ្យោបាយនយោបាយ និងការទូត»។
នៅក្នុងការអត្ថាធិប្បាយនៅឯសន្និសីទសង្ខេបក្រុមប្រឹក្សាសន្តិសុខស្តីពីយេម៉ែន លោក Fu បាននិយាយថា ប្រទេសចិន សង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធ នឹងបន្តនៅលើមាគ៌ានៃដំណោះស្រាយនយោបាយ បង្កើតការឯកភាពគ្នា ជួបគ្នាពាក់កណ្តាលផ្លូវ រួមគ្នាលើកកម្ពស់ដំណើរការនយោបាយដ៏ទូលំទូលាយដែលដឹកនាំដោយយេម៉ែន និងគ្រប់គ្រងដោយយេម៉ែន និងដោះស្រាយភាពតានតឹង និងភាពខ្វែងគំនិតគ្នា តាមរយៈការសន្ទនា និងការចរចា។

លោកបានចង្អុលបង្ហាញថា៖«សហគមន៍អន្តរជាតិ គួរតែផ្តល់ជំនួយ និងដើរតួនាទីស្ថាបនា ក្នុងការដោះស្រាយវិបត្តិយេម៉ែន»។
លោក Fu បានលើកឡើងថា ជាមួយនឹងភាពតានតឹងដែលកំពុងបន្តនៅក្នុងសមុទ្រក្រហម ភាគីចិន បានជំរុញម្តងទៀតដល់ក្រុមហ៊ួទី ឲ្យគោរពសិទ្ធិនាវាចរណ៍របស់នាវាពាណិជ្ជកម្ម នៅក្រោមច្បាប់អន្តរជាតិ នៅសមុទ្រក្រហម បញ្ឈប់ការវាយប្រហារ និងធ្វើឲ្យនាវាចរណ៍មានសុវត្ថិភាព នៅក្នុងសមុទ្រក្រហម។
លោក ក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធផ្សេងទៀត រក្សាការអត់ធ្មត់ និងបញ្ឈប់រាល់សកម្មភាព ដែលអាចធ្វើឲ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង។