គណៈឃោសនាអប់រំគណបក្សខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី១៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន អនុគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ រួមនិងសិក្ខាកាមប្រមាណជាជា៤៥៧នាក់ ជាមន្ត្រីរបស់គណបក្សមកពីមន្ទីរអង្គភាពជុះវិញខេត្តផងដែរ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី១៤ ស្របពេលដែលសភាពការទូទៅរបស់ប្រទេសជាតិ កំពុងមានការវិវត្តន៍ដ៏ល្អក្នុងដំណើរឆ្ពោះទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ បន្ទាប់ពីគណបក្សប្រជាជនទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតនាពេលកន្លងមក ។ ឯកឧត្តមបានពាំនាំការសួរសុខទុក្ខ និងជូនពរពីសំណាក់សម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សទាំងអស់ ជូនដល់សិក្ខាកាម ក៏ដូចមន្រ្តីបម្រើការងារក្នុងវគ្គអប់រំនយោបាយនេះ ដោយក្តីនឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ ។ ការអប់រំនយោបាយដល់មន្រ្តីគណបក្ស គឺជាការងារដ៏មានសារៈសំខាន់មួយ ដែលគណបក្សតែងតែយកចិត្តទុកដាក់តាំងពីដើមរៀងមក ទាំងនៅក្នុងសម័យតស៊ូរំដោះជាតិ ក៏ដូចក្នុងពេលដែលគណបក្សបានកាន់អំណាចដឹកនាំប្រទេស ជាពិសេសការដឹកនាំក្នុងរបបប្រជាធិបតេយ្យ សេរីពហុបក្សបច្ចុប្បន្ននេះ ។
ការរៀបចំវគ្គអប់រំនយោបាយមានគោលបំណងលើកកម្ពស់សមត្ថភាព និងគុណធម៌របស់មន្រ្តីគណបក្ស ព្រមទាំងពង្រឹងការឯកភាពផ្ទៃក្នុងខ្ពស់អំពីទស្សនៈ គោលជំហរ និងសកម្មភាព ដើម្បីធានាជោគជ័យក្នុងការអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្ស ។ ព្រមជាមួយនេះ ការងារអប់រំនយោបាយក៏ជាថ្នាលដ៏សំខាន់មួយសម្រាប់បណ្តុះបណ្តាល និងបំពាក់បំប៉នកម្លាំងបន្តវេនរបស់គណបក្សផងដែរ ។ គប្បីចងចាំថា មន្រ្តី គឺជាស្ពានតភ្ជាប់រវាងគណបក្ស និងប្រជាជន ដូច្នេះស្ពាននេះត្រូវតែរឹងមាំ ទើបចំណងទាក់ទងរវាងគណបក្សជាមួយប្រជាជនអាចរឹងមាំបាន ។
ឯកឧត្តមបានបន្តថា វគ្គនេះ ទោះបីមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែជាឱកាសមួយដ៏មានតម្លៃសម្រាប់សិក្ខាកាមគ្រប់ៗរូប ។ ព្រមជាមួយនេះ វគ្គអប់រំនយោបាយក៏ជាឱកាសដែលមន្រ្តីយើងមកពីមន្ទីរអង្គភាពនានា បានស្គាល់គ្នា បានផ្លាស់ប្តូរការយល់ដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងរឹតចំណងសាមគ្គីភាពផ្ទៃក្នុងគណបក្សឲ្យកាន់តែរឹងមាំឡើងថែមទៀត ៕ កាំង ហុងវាស្នា