ភ្នំពេញ៖ លោក Salman Ahmed នាយកទទួលបន្ទុករៀបចំផែនការគោលនយោបាយ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក សាទរចំពោះជំហរកម្ពុជា ក្នុងការឈើលើគោលការណ៍ច្បាប់អន្តរជាតិផ្អែកលើធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ (UN) ពាក់ព័ន្ធទៅនឹងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភាជាតិ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោក Salman Ahmed បានថ្លែងថា ជំហររបស់កម្ពុជានេះ គឺបានសបញ្ជាក់ពីគោលជំហរឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា ហើយបានកោតសរសើរកម្ពុជាពីការចូលរួមវិភាគទាន ក្នុងការបញ្ជូនកងទ័ពមួកខៀវ ក្នុងបេសកកម្មរក្សាសន្តិភាពសកល ក្នុងចំនួនមួយគួរឲ្យស្ញប់ស្ញែង ។
ជាមួយនេះ លោកក៏បានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២កន្លងទៅ ក៏ដូចជាកោតសរសើរ ចំពោះការដាក់ចេញនូវវិធានការក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានរំលឹកពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ ដែលផ្ដោតពិសេសទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងយន្តការនានាបន្ថែមទៀត ។

ឯកឧត្តមក៏បានរំលឹកពីជំនួបជាមួយរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន កាលពីឆ្នាំ២០២២ ក្នុងពេលកម្ពុជាជាសហប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលពេលនោះភាគីទាំងពីរ បានកត់សម្គាល់ពីចំណុចវិជ្ជមានជាច្រើន នៃកិច្ចសហប្រតិបត្តិការទ្វេរភាគីកន្លងមក រួមមានវិស័យពាណិជ្ជកម្ម ការប្រឆាំងអំពើភេរវកម្ម កិច្ចការមនុស្សធម៌ មាតុភូមិនិវត្តន៍នៃជនជាតិខ្មែរ ការបោសសំអាតមីន និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម ។

គួរបញ្ជាក់ថា ក្នុងជំនួបនេះ ឯកឧត្តម ប្រាក់ សុខុន និងលោក Salman Ahmed បានឯកភាពគ្នា លើកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ លើវិស័យអាទិភាពមួយចំនួន មានដូចជាវិស័យវិនិយោគ វិស័យវប្បធម៌ និងការអភិរក្សវត្ថុបុរាណ និងវិស័យដោះមីនជាដើម ដែលអាមេរិកបានបន្តគាំទ្រកម្ពុជាក្នុងការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមរយៈការផ្ដល់ជំនួយប្រមាណ ១៩០លានដុល្លារអាមេរិក ចាប់ពីឆ្នាំ១៩៩៣មក ៕ អត្ថបទ បាន សុខរិទ្ធិ
