ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយនៅក្នុងទិនានុប្បវត្តិមួយដែលចេញផ្សាយនៅថ្ងៃសុក្រ (២៦ កក្កដា) នេះថា បម្រែបម្រួលអាកាសធាតុកំពុងជំរុញការផ្លាស់ប្តូរគំរូទឹកភ្លៀងនៅទូទាំងពិភពលោក ដែលអាចនឹងបង្កើនកម្រិតព្យុះទីហ្វុង និងព្យុះត្រូពិចដ៏ទៃទៀតឱ្យកាន់ខ្លាំងក្លាជាងមុន។

កោះតៃវ៉ាន់ ប្រទេសហ្វីលីពីន និងបន្ទាប់មកចិន ត្រូវបានវាយប្រហារដោយព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំក្នុងសប្តាហ៍នេះ ដោយសាលារៀន អាជីវកម្ម និងទីផ្សារហិរញ្ញវត្ថុបានបិទ ខណៈដែលល្បឿនខ្យល់បានកើនដល់ ២២៧គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្នកវិទ្យាសាស្ត្របាននិយាយថា ព្យុះត្រូពិចដែលកាន់តែខ្លាំងក្លាគឺជាផ្នែកមួយនៃបាតុភូតកាន់តែទូលំទូលាយនៃអាកាសធាតុធ្ងន់ធ្ងរដែលជំរុញដោយកំណើនសីតុណ្ហភាព។

ការស្រាវជ្រាវដែលដឹកនាំដោយលោកស្រី ចាង វ៉ិនសៀ (Zhang Wenxia) នៅបណ្ឌិតសភាវិទ្យាសាស្ត្រចិន បានសិក្សាទិន្នន័យឧតុនិយមជាប្រវត្តិសាស្ត្រ ហើយបានរកឃើញថាប្រហែល ៧៥ ភាគរយនៃផ្ទៃដីរបស់ពិភពលោកបានមើលឃើញកំណើននៃ «ការប្រែប្រួលគំរូទឹកភ្លៀង» ឬការផ្លាស់ប្តូរកាន់តែទូលំទូលាយរវាងអាកាសធាតុសើម និងស្ងួត។
អ្នកស្រាវជ្រាវបាននិយាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រនោះថា សីតុណ្ហភាពក្តៅបានបង្កើនសមត្ថភាពបរិយាកាសក្នុងការរក្សាសំណើម ដែលបណ្តាលឱ្យមានការប្រែប្រួលនៃទឹកភ្លៀងកាន់តែទូលំទូលាយ។ អ្នកវិទ្យាសាស្ត្រក៏ជឿថាបម្រែបម្រួលអាកាសធាតុក៏កំពុងផ្លាស់ប្តូរឥរិយាបថរបស់ព្យុះត្រូពិច រួមទាំងព្យុះទីហ្វុងផងដែរ ដែលធ្វើឱ្យពួកវាមិនសូវញឹកញាប់ទេ ប៉ុន្តែមានកម្លាំងខ្លាំងក្លាជាងមុន៕