ប្រណាំងរថយន្ត៖ អតីតជើងឯក F1 ពិភពលោក Kimi Raikkonen បានប្រកាសពីការចូលនិវត្តន៍ពីអាជីពប្រណាំងរថយន្ត F1 របស់ខ្លួននៅដំណាច់រដូវកាលនេះ។ កីឡាករវ័យ ៤១ឆ្នាំសញ្ជាតិហ្វាំងឡង់ដែលឈ្នះជើងឯកពិភពលោកនៅឆ្នាំ២០០៧ ជាមួយក្រុមប្រណាំង Ferrari បាននិយាយនៅលើបណ្តាញសង្គម Instagram របស់ខ្លួនថា នេះមិនមែនការសំរេចចិត្តដ៏ងាយស្រួលឡើយ តែបន្ទាប់ពីបញ្ចប់រដូវកាលនេះគឺជាពេលវេលាសមស្របសំរាប់អាជីពនេះ និងចាប់ផ្តើមអ្វីដែលថ្មី។

Kimi Raikkonen ធ្លាប់បានឈ្នះនៅ F1 សរុប ២១ទីលាន និងមានកំណត់ត្រាប្រកួតបានច្រើនទីលានបំផុតដល់ទៅ ៣៤១ទីលាន។ ចាប់តាំងពីចាប់ផ្តើមអាជីព F1 ប្រកួតទីលានដំបូងនៅឆ្នាំ២០០១ Kimi Raikkonen ធ្លាប់ប្រណាំងឱ្យក្រុមSauber, McLaren, Ferrari, Lotus និងក្រុមបច្ចុប្បន្ន Alfa Romeo។ Kimi Raikkonen ក្រៅពីធ្លាប់ឈ្នះ ២១ទីលានក៏ធ្លាប់ឈរលើវេទិកាកិត្តិយសជាង ១០០លើកផងដែរ៕
អត្ថបទ៖នាង សុភាវុធ