ក្រុមមន្រ្តីក្នុងស្រុក និងបុគ្គលិកសុខាភិបាល និយាយថា មនុស្សម្នាក់ ស្លាប់ និងមនុស្សម្នាក់ទៀត រងរបួសធ្ងន់ ពេលដែលអណ្តាតភ្លើងនៅរោងចក្រផលិតកាំជ្រួចផ្កាភ្ញី ប្រទេសប៊ុលហ្គារី បានបង្កឲ្យមានការផ្ទុះជាបន្តបន្ទាប់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ។
ហេតុការណ៍ផ្ទុះនេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០នាទីល្ងាច នៅក្នុងទីក្រុង Elin Pelin ជិតរដ្ឋធានី Sofia បង្កឲ្យមានសំណុំភ្លើងបានផុសលើអកាស លាយឡំជាមួយការផ្ទុះកាំជ្រួចផ្កាភ្ញីពណ៌ក្រហម-ស ។
ទីភ្នាក់ងារព័ត៌មានប៊ុលហ្គារី រាយការណ៍ថា យោងតាមទិន្នន័យដំបូងបានឲ្យដឹងថា មាននូវសារធាតុផ្ទុះ TNT ទម្ងន់ ២តោន នៅក្នុងឃ្លាំងមួយក្នុងចំណោមឃ្លាំងជាច្រើនទៀតរបស់រោងចក្រ ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប៊ុលហ្គារីលោក Kalin Stoyanov និយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា បុរសវ័យ ៤៩ឆ្នាំម្នាក់ បានស្លាប់ដោយសាររបួសទទួលរងនៅក្នុងអគ្គិភ័យ ខណៈដែលកូនស្រីវ័យ ២០ឆ្នាំរបស់គាត់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។
លោកបន្តថា បុរស ២នាក់ទៀត ដែលជាកូនប្រុសអាយុ ២២ឆ្នាំរបស់ម្ចាស់ឃ្លាំង និងនិយោជិកវ័យ ៦០ឆ្នាំម្នាក់ ត្រូវបានគេជឿថានៅក្នុងឃ្លាំងនេះផងដែរ ប៉ុន្តែគេនៅមិនទាន់រាប់បញ្ចូលនោះទេ ។
ក្រុមអ្នកស្រុក និយាយប្រាប់សារព័ត៌មានក្នុងស្រុកថា សំឡេងផ្ទុះនៅតែបន្តឮពេញមួយយប់ រហូតដល់ព្រឹកថ្ងៃសុក្រ ៕