
ក្រុមហាម៉ាស ដែលជាក្រុមប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃពុធថា សុន្ទរកថារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ទៅកាន់សភាអាមេរិកអំពីកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំង ក្នុងការបញ្ជូនចំណាប់ថ្នូរត្រឡប់មកវិញ គឺជា «ការភូតកុហកទាំងស្រុង និងបំភាន់មតិសាធារណៈជនអ៊ីស្រាអែល អាមេរិក និងអន្តរជាតិ។
ក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ណេតាន់យ៉ាហ៊ូ គឺជា«អ្នកដែលរារាំងរាល់កិច្ចខិតខំប្រឹងប្រែង ក្នុងគោលបំណងបញ្ចប់សង្រ្គាម និងបញ្ចប់កិច្ចព្រមព្រៀងដោះលែងអ្នកទោស» ទោះបីជាមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់អ្នកសម្របសម្រួលនៅក្នុងប្រទេសអេហ្ស៊ីប និងកាតា ហើយទោះបីជាមានភាពបត់បែន និងវិជ្ជមានដែលលោក បានបង្ហាញក៏ដោយ។

ក្រុមហាម៉ាស បានលើកឡើងថា ការយល់ឃើញរបស់លោក ណេតាន់យ៉ាហ៊ូ អំពីអនាគតនៃតំបន់ហ្កាហ្សា គឺជា «ការយល់ឃើញ និងការស្រមើស្រមៃសុទ្ធសាធ» ដោយបានបញ្ជាក់ថា«ប្រជាជនប៉ាឡេស្ទីន គឺជាអ្នកដែលមានសិទ្ធិកំណត់ជោគវាសនារបស់ពួកគេ និងកំណត់ថាតើអ្នកណានឹងគ្រប់គ្រងពួកគេ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្រុមហាម៉ាស បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានបន្តផ្តល់គ្រប់មធ្យោបាយនៃការគាំទ្រផ្នែកនយោបាយ និងយោធាដល់អ៊ីស្រាអែល និងផ្តល់ឲ្យរដ្ឋាភិបាលអ៊ីស្រាអែល នូវការការពារចាំបាច់ ដើម្បីគេចចេញពីការដាក់ទណ្ឌកម្ម។