បាល់ទាត់៖ ក្លិបបាល់ទាត់នៅក្របខណ្ឌ English Premier League បានចំណាយលុយសរុបជាង ១ពាន់លានផោនក្នុងការទិញកីឡាករក្នុងរដូវក្តៅនេះ ខ្ទង់ចំណាយនេះគឺបានស្រកចុះពីរឆ្នាំជាប់គ្នាហើយ។

ក្នុងរយៈពេលនៃទីផ្សារទិញដូរកីឡាករបើកពីថ្ងៃទី១ ខែមិថុនាដល់ថ្ងៃទី៣១ ខែសីហាកន្លងទៅនេះ ក្លិបនៅ Premier League បានចំណាយលុយសរុប ១.១ពាន់លានផោន តែខ្ទង់ចំណាយនេះបានស្រកចុះចំនួន ១១% ប្រើប្រៀបធៀបនឹងការចំណាយរដូវកាលមុនដែលមានសរុប ១.៣ពាន់លានផោន ហើយចំនួននេះដែរក៏ទាបជាងឆ្នាំ២០១៩ ចំនួន ៩% ថែមទៀត។

តាមការកត់ត្រារបស់សេវាហិរញ្ញវត្ថុ Deloitte ឱ្យដឹងថា នេះគឺជាខ្ទង់ចំណាយទាបបំផុតនៅ Premier League រាប់ពីឆ្នាំ២០១៥។ និយាយដោយឡែកតែថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករក្លិបនៅ Premier League បានចំណាយលុយ ១៥០លានផោន។ សរុបកីឡាករក្លិបនៅ EPL ទិញក្នុងរដូវក្តៅនេះមានចំនួន ១៤៨នាក់ ប្រៀបធៀបនឹងរដូវកាលមុន ១៣២នាក់ និងឆ្នាំ២០១៩ ចំនួន ១២៨នាក់៕
អត្ថបទ៖នាង សុភាវុធ