ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ថា សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) នៅថ្ងៃសុក្រ (ទី២៦ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា អតីតអនុរដ្ឋមន្ត្រីការពារជាតិ គឺលោក Dmitry Bulgakov ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទពុករលួយ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ RIA បានដកស្រង់សម្ដីពី FSB ដែលប្រាប់ថា ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីបង្កើតអង្គហេតុ ជុំវិញការចោទប្រកាន់ពី «ការប្រព្រឹត្តិខុសច្បាប់» របស់លោក Bulgakov។ ស្ថាប័ននេះបានឲ្យដឹងថា រូបលោកត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលឃុំឃាំងបណ្តោះអាសន្ន នៅទីក្រុងមូស្គូ។
គួរបញ្ជាក់ថា លោក Bulgakov ដែលទទួលបន្ទុកផ្នែកភស្តុភារយោធារហូតដល់លោកត្រូវបានដកតំណែងក្នុងខែកញ្ញា ឆ្នាំ២០២២ គឺជាមនុស្សចុងក្រោយបំផុតនៅក្នុងជួរនៃមន្ត្រីក្រសួងការពារជាតិដ៏លេចធ្លោ ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ។
ការបង្ក្រាបលើអំពើពុករលួយកម្រិតខ្ពស់ បានចាប់ផ្តើមនៅថ្ងៃទី២៣ ខែមេសា ដោយមានការចាប់ខ្លួនអនុរដ្ឋមន្ត្រីការពារជាតិ លោក Timur Ivanov ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergei Shoigu។ ចាប់តាំងពីពេលនោះមក មន្ត្រីយោធា និងការពារជាតិយ៉ាងហោចណាស់ ៥រូប ត្រូវបានចាប់ខ្លួន។
វិមានក្រឹមឡាំងបាននិយាយសម្រាលដល់ការចាប់ខ្លួនពីមុន ហើយបានលើកឡើងថា ភ្នាក់ងាររដ្ឋផ្សេងទៀតរបស់រុស្ស៊ី បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយស្រដៀងគ្នានេះ៕