ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ នៅថ្ងៃសៅរ៍ (ទី២៧ ខែកក្កដា)នេះថា អ្នកស្រុក និងទាហានកូរ៉េខាងជើង បានទៅទស្សនាទីបញ្ចុះសពសង្រ្គាម ដើម្បីប្រារព្ធខួបលើកទី ៧១ នៃបទឈប់បាញ់កូរ៉េ ដែលបានបញ្ចប់សង្រ្គាមកូរ៉េឆ្នាំ ១៩៥០-៥៣។
នៅក្នុងរូបភាពវីដេអូដែលផ្តល់ដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង (KCNA) ដែលសារព័តមានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនោះ អ្នកស្រុក និងទាហាន ត្រូវបានគេឃើញដាក់ផ្កានៅទីបញ្ចុះសពរបស់អ្នកពលីកម្មក្នុងសង្គ្រាមរំដោះមាតុភូមិ នៅក្នុងទីក្រុងព្យុងយ៉ាង។
កូរ៉េខាងជើង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយសហរដ្ឋអាមេរិក និងចិន នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៥៣ បញ្ចប់សមរភូមិក្នុងសង្គ្រាមរយៈពេល ៣ ឆ្នាំ។ ឧត្តមសេនីយ៍អាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតំណាងឲ្យកងកម្លាំងអង្គការសហប្រជាជាតិ ដែលគាំទ្រកូរ៉េខាងត្បូង។
ប្រទេសកូរ៉េខាងជើង បានហៅថ្ងៃទី២៧ ខែកក្កដាថា «ទិវាជ័យជម្នះ» ទោះបីជាបទឈប់បាញ់នោះ បានបង្កើតព្រំដែនដែលបែងចែកឧបទ្វីបកូរ៉េប្រហែលស្មើៗគ្នា នៅក្នុងតំបន់ និងការស្ដារតុល្យភាពឡើងវិញ បន្ទាប់ពីភាគីទាំងពីរ បានឈានទៅមុខយ៉ាងសំខាន់ក្នុងអំឡុងសង្គ្រាម។ កូរ៉េខាងត្បូង មិនប្រារព្ធទិវានេះជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗណាមួយឡើយ។