កងទ័ពអ៊ីស្រាអែល ដែលគាំទ្រដោយការវាយប្រហារតាមអាកាស បានបន្តប្រយុទ្ធជាមួយក្រុមយុទ្ធជនប៉ាឡេស្ទីននៅជុំវិញទីក្រុង ខាន់យូនីស (Khan Younis) ភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ (២៨ កក្កដា) ខណៈពួកគេបានបន្តប្រតិបត្តិការរយៈពេលមួយសប្តាហ៍ដែលនិយាយថាមានគោលបំណងបោសសម្អាតក្រុមសកម្មប្រយុទ្ធហាម៉ាស។

មួយសប្តាហ៍បន្ទាប់ពីការបញ្ជាជនស៊ីវិលឱ្យជម្លៀសពីតំបន់នោះ រថក្រោះបានវាយរុញចូលទៅក្នុងតំបន់លំនៅឋាន អាល់ការ៉ារ៉ា (Al-Karara), អាល់ហ្សាណា (Al-Zanna), និង បានីស៊ូហៃឡា (Bani Suhaila) ភាគខាងកើតនៃក្រុង ខាន់យូនីស ជាទីដែលក្រុមគ្រូពេទ្យបាននិយាយថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ៦៦នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល។

អ្នកស្រុកបានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ខណៈប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ដែលបានជម្លៀសខ្លួនជាច្រើនដង បានធ្វើដំណើរទៅកាន់តំបន់ អាល់ម៉ាវ៉ាស៊ី (Al-Mawasi) ដែលមានមនុស្សច្រើនកុះករនៅភាគនិរតីនៃក្រុងខាន់យូនីស និងឆ្ពោះទៅភាគខាងជើងទៅកាន់ក្រុង ដឺ អាល់បាឡា (Deir Al-Balah) នៅកណ្តាលហ្កាហ្សា។

ប៉ុន្មានថ្ងៃនៃការប្រយុទ្ធគ្នានៅទីក្រុងខាន់យូនីស បានគូសបញ្ជាក់ពីការតស៊ូដ៏ខ្លាំងក្លាដែលកងកម្លាំងអ៊ីស្រាអែលបានជួបប្រទះ ជិត ១០ខែបន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស លើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាមហ្កាហ្សា។ ក្រុមហាម៉ាស ចង់បានកិច្ចព្រមព្រៀងឈប់បាញ់មួយដើម្បីបញ្ចប់សង្គ្រាមនេះ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និយាយថា ជម្លោះនឹងបញ្ឈប់ទាល់តែក្រុមហាម៉ាសត្រូវបរាជ័យទាំងស្រុង៕