មន្ត្រីឧតុនិយមប្រទេសជប៉ុន កំពុងព្រមានអំពីរលកកម្តៅដែលគំរាមកំហែងដល់អាយុជីវិត នៅថ្ងៃចន្ទ នេះ ដោយសីតុណ្ហភាពហក់ឡើងដល់៤០អង្សាសេ ក្នុងតំបន់មួយចំនួននៅភាគខាងកើតប្រទេសជប៉ុន។

ទីភ្នាក់ងារឧតុនិយម និយាយថា ប្រព័ន្ធសម្ពាធខ្ពស់ បន្តនាំមកនូវអាកាសធាតុក្តៅខ្លាំង ភាគច្រើននៅភាគខាងកើត និងខាងលិច ប្រទេសជប៉ុន។
ទីភ្នាក់ងារនិយាយថា សីតុណ្ហភាពទំនងជានឹងហក់ឡើងដល់៤០អង្សាសេ នៅក្នុងទីក្រុង Kumagaya, Kofu និងទីក្រុង Hamamatsu។ សីតុណ្ហភាពខ្ពស់នៅពេលថ្ងៃគឺ៣៩អង្សាសេ នៅទីក្រុង Saitama, Maebashi, Kyoto និងទីក្រុង Okayama។

ទីភ្នាក់ងារឧតុនិយម និងក្រសួងបរិស្ថាន បានចេញការព្រមានអំពីជំងឺសុរិយរោគសម្រាប់ខេត្តចំនួន៣៨ ក្នុងចំណោមខេត្តចំនួន៤៧ របស់ប្រទេសជប៉ុន។
ប្រជាជន ត្រូវបានណែនាំកុំឱ្យស្ទាក់ស្ទើរក្នុងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងទទួលទានទឹក និងអំបិលឱ្យបានញឹកញាប់ ហើយជៀសវាងការចេញទៅខាងក្រៅ និងហាត់ប្រាណ ដែលមិនចាំបាច់។
មនុស្សចាស់ និងទារកឬកុមារ ចាំបាច់ត្រូវយកចិត្តទុកដាក់ជាពិសេស ព្រោះពួកគេមានហានិភ័យខ្ពស់នៃការវិវឌ្ឍន៍ទៅជាជំងឺសុរិយរោគ។