
ភ្នំពេញ៖ ដើម្បីចូលរូមទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ នៅពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ម៉ាស់ រួមជាមួយសម្ភារៈអប់រំផ្សព្វផ្សាយ ស្តីពីជំងឺកូវីដ-១៩ ពីវិជ្ជាសង្គ្រោះបឋម និងការត្រៀមបង្ការ គ្រោះមហន្តរាយ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្ត ទាំង២៥ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។
នៅក្នុងឱកាសប្រគល់និងទទួលនោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរ ចំពោះសាខាកាកបាទក្រហមកម្ពុជា ទាំង ២៥ រាជធានី-ខេត្ត ដែលបាននិងកំពុង ចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាការផ្តល់អំណោយមនុស្សធម៌ដូចភ្លៀងរលឹម ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាព ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ទឹកជំនន់ និងខ្យល់កន្ត្រាក់ ជាដើម។
ជាមួយគ្នានេះដែរ លោកជំទាវអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានបង្ហាញជូនសាខាទាំងអស់ ពីអត្ថន័យខ្លឹមសារ នៃសម្ភារអប់រំផ្សព្វផ្សាយទាំងអស់ ដែលសាខានីមួយៗត្រូវយកទៅប្រើប្រាស់ ដើម្បីឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវវិធានការនានា របស់ក្រសួងសុខាភិបាល ជាពិសេសចូលរួមក្នុងយុទ្ធនាការជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់ ហើយជាពិសេសចូលរួមបញ្ជៀស នូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងប្រទេសកម្ពុជា ដោយសារតែ វីរុសបំប្លែងថ្មី ដែលតា Delta នេះ និងត្រូវប្រកាន់ខ្ជប់នៅ ៣កុំ និង ៣ការពារ៕អត្ថបទ៖ សំ ងីម



