ប្រភពដែលលស្និទ្ធនឹងក្រុមហេសបូឡា (Hezbollah) បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ កក្កដា) ថា ក្រុមប្រដាប់អាវុធមួយនេះបានជម្លៀសចេញពីទីតាំងឈរជើងនៅភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់ បន្ទាប់ពីការគំរាមកំហែងរបស់អ៊ីស្រាអែល ក្នុងការសងសឹកចំពោះការវាយប្រហារលើតំបន់ខ្ពង់រាប ហ្កូឡាន់ (Golan Heights) ដែលបានសម្លាប់មនុស្ស ១២នាក់។

គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (២៨ កក្កដា) បានអនុញ្ញាតឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) សម្រេចចិត្តលើ «របៀប និងពេលវេលា» នៃការឆ្លើយតបចំពោះការវាយប្រហារដោយគ្រាប់រ៉ូកែតនៅតំបន់កាន់កាប់ដោយអ៊ីស្រាអែលមួយនេះ ហើយជាអ្វីដែលអ៊ីស្រាអែល និងអាមេរិក បានស្តីបន្ទោសលើក្រុម ហេសបូឡា ប៉ុន្តែក្រុមនេះបានបដិសេធ។

ប្រភពជិតស្និទ្ធនឹងក្រុមនេះបានប្រាប់សារព័ត៌មាន AFP ដោយសុំមិនបញ្ចេញឈ្មោះថា «ក្រុមហេសបូឡាបានជម្លៀសចេញទីតាំងមួយចំនួននៅភាគខាងត្បូង និងនៅជ្រលងភ្នំ បេខា (Bekaa) ដែលខ្លយនគិតថាអាចជាគោលដៅសម្រាប់អ៊ីស្រាអែល»។

ក្រុមហេសបូឡា មានវត្តមានយ៉ាងច្រើននៅក្នុងតំបន់ជ្រលងភ្នំបេខា នៅភាគខាងកើតលីបង់ ដែលមានព្រំប្រទល់ជាប់ស៊ីរី និងនៅភាគខាងត្បូងលីបង់ ជាទីដែលខ្លួនបាននិងកំពុងបើកការវាយប្រហារជារៀងរាល់ថ្ងៃលើទីតាំងអ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មកដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តក្រុមហាម៉ាស៕