
ទូរទស្សន៍រដ្ឋ CCTV រាយការណ៍នៅថ្ងៃចន្ទនេះថា អ្នកស្រុកជាង ៣ពាន់នាក់ ត្រូវបានជម្លៀសចេញ ក្រោយពេលទឹកជំនន់ជន់លិចទំនប់ទប់ទឹកទន្លេនៅខេត្តភាគខាងត្បូង Hunan ប្រទេសចិន ស្របពេលដែលភ្លៀងធ្លាក់បណ្តាលមកពីព្យុះទីហ្វុង Gaemi បង្កឲ្យកើតមានទឹកជំនន់ធ្ងន់ធ្ងរ ។
CCTV រាយការណ៍ថា ក្រុមជួយសង្រ្គោះជាង ១ពាន់នាក់ ត្រូវបានដាក់ពង្រាយដើម្បីជម្លៀសអ្នកស្រុកជាប់ខ្លួនទៅកាន់ទីទួលសុវត្ថិភាពនៅទីក្រុង Xiangtan ។

ក្រុមអាជ្ញាធរ នៅទីក្រុងភាគឦសាន Dandong ប្រទេសចិន បានបង្កើតទ្វារទឹកជំនន់ចំនួន ៤៥កន្លែង ដើម្បីការពារទឹកឡើងក្នុងទន្លេ Yalu ពីការហូរចូលទីក្រុងដែលជាប់ព្រំដែនជាមួយកូរ៉េខាងជើង ។
ព្យុះ Gaemi ដែលបានសម្លាប់មនុស្សរាប់សិបនាក់ ពេលវាបោកបក់ឆ្លងកាត់កោះតៃវ៉ាន់ និងបង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅប្រទេសហ្វីលីពីននោះ បានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជិត ៦៣ម៉ឺននាក់ នៅខេត្ត Fujian ប្រទេសចិន ៕