ប្រដាល់៖ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរថ្មីនៅលើសង្វៀនទូរទស្សន៍បាយ័ន “Boostrong អណាចក្រគុនខ្មែរ” នឹងចាប់ផ្តើមកម្មវិធីដំបូងរបស់ខ្លួននៅថ្ងៃអាទិត្យ ទី៥ ខែកញ្ញាចុងសប្តាហ៍នេះហើយ ដែលមានការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នជារៀងរាល់សប្តាហ៍វេលាម៉ោង ១២ថ្ងៃត្រង់តទៅ។
ក្រុមហ៊ុនភេសជ្ជៈ Boostrong ជាថ្មីម្តងទៀតនឹងបន្តការសហការរបស់ខ្លួនជាមួយទូរទស្សន៍បាយ័នក្នុងការបង្កើត ឱ្យមានសង្វៀនប្រដាល់គុនខ្មែរដើម្បីជាចំនីអារម្មណ៍កំសាន្តសប្បាយរបស់ប្រិយមិត្តទស្សនិក ជាពិសេសក៏ជាសង្វៀនដែលផ្តល់ឱកាសឱ្យកីឡាករគុនខ្មែរទាំងអស់បានបញ្ចេញសមត្ថភាព និងរួមចំណែកលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ។ សំរាប់គូពិសេសដែលនឹងចូលមកបំរើចំនីចក្ខុប្រិយមិត្តទស្សនិកជន ជាពិសេសអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរគ្រប់រូបនោះគឺ សោម វិឆ័យ មកពីក្លិបប្រដាល់គុនខ្មែរពន្លឺវិបុលដារិទ្ធខណ្ឌពោធិសែនជ័យ នឹងជួបជាមួយកូនប្រុសអតីតកំពូលកីឡាករប្រដាល់គុនខ្មែរ អេ ភូថង គឺកីឡាករ អេវិរៈ ភូថង លើប្រភេទទំងន់ ៦០គីឡូក្រាម និងមួយគូទៀតគឺ តាញ់ មករា មកពីមជ្ឈមណ្ឌលកីឡា ខ.ភ.ម នឹងជួបជាមួយកីឡាករ ម៉ន សាម៉េត ដែលមកពីក្លិប្រដាល់គុនខ្មែរកងចក្ររាជសីន៍លើប្រភេទទំងន់ ៦០គីឡូក្រាម រួមជាមួយនឹងគូបើកទំព័រកម្មវិធីពីរគូទៀតគឺកីឡាករ លីន សេងហុង ជួបជាមួយ សុខ ម៉ាំង លើប្រភេទទំងន់ ៥៧គីឡូក្រាម និង ជ័យ គឹមហុង ជួបជាមួយ ឯម សីហាក្នុងប្រភេទទំងន់ ៥៧គីឡូក្រាមដូចគ្នា។
ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ ពីកញ្ចក់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃអាទិត្យចាប់ពីវេលាម៉ោង ១២ថ្ងៃត្រង់តទៅ និងមានផ្សាយផ្ទាល់នៅផេកហ្វេសប៊ុក Bayon and BTV Boxing ផងដែរ៕
អត្ថបទ៖នាង សុភាវុធ