
មេដឹកនាំកូរ៉េខាងត្បូងដែលទទួលបន្ទុកដោះស្រាយជាមួយប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យមានការអត់ធ្មត់ ក្នុងការបង្កើតលក្ខខណ្ឌ ដើម្បីនាំទីក្រុងព្យុងយ៉ាងត្រឡប់ទៅតុសន្ទនា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅលើឧបទ្វីបកូរ៉េ។
កូរ៉េខាងជើង បានបង្ហោះបាឡុងផ្ទុកសំរាមរាប់ពាន់គ្រាប់ ចាប់តាំងពីចុងខែឧសភា ក្នុងការឆ្លើយតបនឹងខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង ដែលបញ្ជូនដោយអ្នករត់ចោលស្រុកកូរ៉េខាងជើង នៅប្រទេសខាងត្បូង។ ជាការឆ្លើយតប កូរ៉េខាងត្បូង បានធ្វើការផ្សព្វផ្សាយប្រឆាំងទីក្រុងព្យុងយ៉ាង តាមរយៈឧបករណ៍បំពងសំឡេងឆ្លងព្រំដែនរបស់ខ្លួន ក្នុងទ្រង់ទ្រាយធំសម្រាប់រយៈពេល ៩ថ្ងៃ ជាប់ៗគ្នា នៅថ្ងៃចន្ទនេះ។

រដ្ឋមន្ត្រីបង្រួបបង្រួម លោក Kim Yung-ho បាននិយាយនៅក្នុងសាររំលឹកខួបមួយឆ្នាំរបស់ខ្លួនថា៖«វាមានសារៈសំខាន់ក្នុងការធ្វើការជាបន្តបន្ទាប់ និងដោយអត់ធ្មត់ ឆ្ពោះទៅរកការបង្កើតលក្ខខណ្ឌសម្រាប់ការសន្ទនា ជាមួយប្រទេសកូរ៉េខាងជើង» ។
លោក Kim Yung-ho ដែលជាអតីតសាស្រ្តាចារ្យអភិរក្សនិយម ត្រូវបានគេស្គាល់ ដោយសារជំហររឹងរូសរបស់លោកចំពោះកូរ៉េខាងជើងនិងជាអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស។
ប្រទេសកូរ៉េខាងជើង បាននិងកំពុងផ្តោតលើការលុបបំបាត់ឯកសារយោងបង្រួបបង្រួម ចាប់តាំងពីមេដឹកនាំរបស់ខ្លួន គីម ជុងអ៊ុន បានកំណត់ទំនាក់ទំនងអន្តរកូរ៉េថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានអរិភាពចំពោះគ្នាទៅវិញទៅមក។