បាល់ទាត់៖ Cristiano Ronaldo នឹងទទួលបានអាវលេខ ៧ នៅក្លិបបិសាចក្រហម Manchester United នេះបើតាមការបញ្ជាក់របស់ក្លិបនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។ កីឡាករវ័យ ៣៦ឆ្នាំរូបនេះនឹងទទួលបានលេខអាវដែលខ្លួនធ្លាប់ពាក់កាលពីនៅ Manchester United លើកមុន ខណៈម្ចាស់អាវលេខ ៧ បច្ចុប្បន្ន Edinson Cavani នឹងត្រូវពាក់អាវលេខ ២១ វិញ។
Ronaldo នឹងចាប់ផ្តើមហ្វឹកហាត់ដំបូងឱ្យ Manchester United នៅពេលបញ្ចប់ការធ្វើចត្តាឡីស័ក ៥ថ្ងៃ។ Ronaldo នឹងមិនត្រូវចូលរួមប្រកួតបន្ទាប់ឱ្យព័រទុយហ្កាល់នៅវគ្គជំរុះ World Cup ឡើយដោយសារជាប់ពិន័យ។ កីឡាករវ័យ ៣៦ឆ្នាំរូបនេះទើបបានបំបែកកំណត់ត្រាកីឡាករ ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេឱ្យក្រុមជំរើសជាតិ ក្រោយតែតបញ្ចូលទី ២គ្រាប់ឱ្យព័រទុយហ្កាល់យកឈ្នះសាធារណរដ្ឋអៀកឡង់ ២-១ ដែលជាគ្រាប់បាល់ទី ១១០ និង ១១១ បំបែកកំណត់ត្រាចាស់របស់ខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei ដែលមាន ១០៩គ្រាប់។ Ronaldo នឹងចូលលេងប្រកួតដំបូងឱ្យ Manchester United នៅពេលជួបជាមួយ Newcastle នៅថ្ងៃសៅរ៍ ទី១១ ខែកញ្ញានេះ៕
អត្ថបទ៖នាង សុភាវុធ