សហព័ន្ធកីឡាយូដូអន្តរជាតិបានឱ្យដឹងនៅថ្ងៃច័ន្ទថាខ្លួននឹងស៊ើបអង្កេតមូលហេតុដែលកីឡាករអាល់ហ្ស៊េរី Messaoud Redouane Dris ដកខ្លួនពីការប្រកួតជាមួយកីឡាករTohar Butbul របស់អ៊ីស្រាអែលនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ដោយបន្ថែមថាអត្តពលិកអាចក្លាយជា "ជនរងគ្រោះនៃជម្លោះនយោបាយកាន់តែធំជាងនេះ" ។

ចំណែកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) សម្តែងនូវការគាំទ្រចំពោះវិធានការរបស់សហព័ន្ធយូដូអន្តរជាតិនេះ។
សហព័ន្ធយូដូអន្តរជាតិបានបញ្ជាក់ដែរថា Dris បានមកដល់កន្លែងថ្លឹងទម្ងន់កាលពីថ្ងៃអាទិត្យ ១០នាទីមុនពេលផុតកំណត់ ហើយត្រូវបានគេរកឃើញថាមានទម្ងន់៤០០ក្រាមលើសទម្ងន់កំណត់អនុញ្ញាតឱ្យប្រកួតនៅថ្ងៃច័ន្ទ។

ប្រធានគណៈកម្មាធិការអូឡាំពិកអ៊ីស្រាអែល លោក Yael Arad បានចាត់ទុកករណីនេះជា «រឿងអាម៉ាស់» ហើយបានអំពាវនាវឱ្យគណៈប្រតិភូប្រទេសអាហ្វ្រិកខាងជើងនេះទទួលទណ្ឌកម្ម។ តែប្រព័ន្ធផ្សព្វផ្សាយអាល់ហ្សេរី និងអ្នកឧបត្ថម្ភគណៈប្រតិភូបានសាទរចំពោះទង្វើរបស់ Dris ។
ស្ថាប័នយូដូកំពូលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា "បន្ទាប់ពីការប្រកួតកីឡាអូឡាំពិក ការត្រួតពិនិត្យទាំងស្រុង និងការស៊ើបអង្កេតនឹងត្រូវបានធ្វើឡើង ហើយវិធានការបន្ថែមទៀតនឹងត្រូវដាក់ចេញប្រសិនបើចាំបាច់" ។ ដោយបន្ថែមថា"យើងជឿថាកីឡាគួរត្រូវតែមានសុចរិតភាព និងភាពត្រឹមត្រូវ ដោយគ្មានឥទ្ធិពលនៃជម្លោះសកល។ ជាអកុសល អត្តពលិកតែងតែក្លាយជាជនរងគ្រោះនៃជម្លោះនយោបាយកាន់តែរីកធំឡើងដែលប្រឆាំងនឹងតម្លៃកីឡា"។
ការប្រកួតអូឡាំពិករដូវក្តៅនៅទីក្រុងប៉ារីសឆ្នាំ២០២៤ កំពុងដំណើរការចំពេលមានការព្រួយបារម្ភផ្នែកសន្តិសុខ និងភាពតានតឹងភូមិសាស្ត្រនយោបាយដែលកើនឡើង រួមទាំងសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារនៅខែតុលា ឆ្នាំ២០២៣ ដឹកនាំដោយក្រុមអ៊ីស្លាមជ្រុលនិយមប៉ាឡេស្ទីន ហាម៉ាស៕
