ការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក (WHO) បានរកឃើញនៅថ្ងៃអង្គារ (៣០ កក្កដា) នេះថា ប្រហែលមួយភាគបួននៃក្មេងស្រីជំទង់ក្នុងពិភពលោកដែលមានទំនាក់ទំនងស្នេហាជាមួយដៃគូ បានស៊ូទ្រាំនឹងអំពើហិង្សាផ្លូវកាយ ឬផ្លូវភេទ ដោយអំពាវនាវឱ្យមានវិធានការបង្ការបន្ថែមទៀត។

ការវិភាគរបស់អង្គការ WHO ដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ លែនសេត (Lancet) នេះគឺផ្អែកលើការស្ទង់មតិពីក្មេងស្រីជំទង់រាប់ពាន់នាក់ដែលមានអាយុចន្លោះពី ១៥ ទៅ ១៩ឆ្នាំមកពី ១៥៤ប្រទេស និងតំបន់ទូទាំងពិភពលោក។ ការវិភាគបានបង្ហាញថា ២៤ភាគរយនៃពួកគេបានទទួលរងអំពើហិង្សាពីដៃគូជិតស្និទ្ធយ៉ាងហោចណាស់ម្តង ដោយមានក្មេងស្រីត្រឹមតែ ១៦ភាគរយប៉ុណ្ណោះដែលបានរាយការណ៍ពីហិង្សានេះក្នុងឆ្នាំមុន។

អ្នកដឹកនាំការស្រាវជ្រាវ លោកស្រីបណ្ឌិត លីនម៉ារី សាឌីនហា (Lynnmarie Sardinha) បាននិយាយថា ការវិភាគនេះត្រូវបានលើកទឹកចិត្តមួយផ្នែកដោយការព្រួយបារម្ភដែលថា ស្ត្រីវ័យក្មេងកំពុង «ស្ថិតក្នុងផ្លូវទាល់» ហើយមិនទទួលបានការគាំទ្រ។ ទិន្នន័យនេះត្រូវបានផ្អែកលើការស្ទង់មតិដែលបានធ្វើឡើងនៅចន្លោះឆ្នាំ២០០០ និង២០១៨។ លោកស្រី Sardinha បាននិយាយថា ទិន្នន័យដែលប្រមូលបានចាប់តាំងពីពេលនោះមកនៅតែត្រូវបានផ្ទៀងផ្ទាត់ ហើយហាក់ដូចជាបង្ហាញថាមាន «ការធ្លាក់ចុះតិចតួចណាស់»។

អំពើហិង្សាដែលត្រូវបានរាប់បញ្ចូលក្នុងការស្ទង់មតិរួមមានការទាត់ធាក់ ឬការវាយដំ ក៏ដូចជាសកម្មភាពផ្លូវភេទដែលមិនចង់បាន ដូចជាការរំលោភ ឬការប៉ុនប៉ងរំលោភជាដើម។ ទិន្នន័យដែលបែងចែកតាមប្រទេស និងតំបន់ បានបង្ហាញពីការជាប់ទាក់ទងគ្នាខ្ពស់រវាងអំពើហិង្សា និងសិទ្ធិស្ត្រី ដោយបណ្ដារដ្ឋដែលកុមារី និងស្ត្រីរឹតបន្តឹងលើសិទ្ធិទទួលបានការអប់រំ និងច្បាប់មរតកមិនស្មើភាព បានបង្ហាញពីកម្រិតអំពើហិង្សាខ្ពស់ជាងកន្លែងផ្សេងៗក្នុងពិភពលោក៕