
និស្សិតបង់ក្លាដែសបាននាំគ្នាជួបជុំតវ៉ាតាមដងផ្លូវជាថ្មី កាលពីថ្ងៃចន្ទ (ទី២៩ ខែកក្កដា) បន្ទាប់ពីរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina មិនអើពើនឹងឱសានវាទ ក្នុងការឲ្យដោះលែងមេដឹកនាំរបស់ពួកគេ និងសុំអភ័យទោសដល់អ្នកដែលត្រូវបានសម្លាប់ នៅក្នុងភាពចលាចលដ៏អាក្រក់ នាពេលថ្មីៗនេះ។
គួរបញ្ជាក់ថា បើយោងតាមតួលេខរបស់នគរបាល និងទិន្នន័យពីមន្ទីរពេទ្យ បានឲ្យដឹងថា ការប្រមូលផ្តុំរបស់និស្សិតប្រឆាំងនឹងកូតាការងារស៊ីវិល ក្នុងខែនេះ បានបង្កឲ្យមានជាអំពើហិង្សាច្រើនថ្ងៃ ដែលហេតុការណ៍នោះបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២០៥នាក់ បាត់បង់ជីវិត ក្នុងនោះរួមទាំងមន្រ្តីនគរបាលជាច្រើននាក់ផងដែរ។

ការប៉ះទង្គិចនោះ គឺជាហេតុការណ៍មួយចំនួនក្នុងចំណោមហេតុការណ៍ដ៏អាក្រក់បំផុត អំឡុងការកាន់តំណែងរយៈពេល ១៥ឆ្នាំរបស់លោកស្រី Hasina ប៉ុន្តែចាប់តាំងពីពេលនោះមក រដ្ឋាភិបាលរបស់លោកស្រីបានស្តារសណ្តាប់ធ្នាប់ឡើងវិញ ដោយការដាក់ពង្រាយកងទ័ព ការដាក់ចេញបម្រាមគោចរ និងបិទប្រព័ន្ធអ៊ីនធឺណិតទូទាំងប្រទេស។
យ៉ាងហោចណាស់មេដឹកនាំពាក់កណ្តាលនៃសមាគមក្រុមនិស្សិតប្រឆាំងនឹងការរើសអើង (Students Against Discrimination) ជាក្រុមដែលរៀបចំការតវ៉ាដំបូងគេ ស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ គិតចាប់តាំងពីត្រូវបានចាប់ខ្លួនយកទៅឃុំឃាំងនៅប៉ុស្តិ៍នគរបាល។
លោក Abdul Kader ដែលជាអ្នកសម្របសម្រួលម្នាក់របស់ក្រុម បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រដ្ឋាភិបាលកំពុងបន្តបង្ហាញពីភាពមិនទទួលខុសត្រូវទាំងស្រុង ចំពោះចលនារបស់យើង។ យើងកំពុងស្នើសុំឲ្យពលរដ្ឋបង់ក្លាដែសទាំងអស់បង្ហាញសាមគ្គីភាពជាមួយនឹងការទាមទាររបស់យើង ហើយចូលរួមនៅក្នុងចលនារបស់យើង»។
គេឃើញការតវ៉ាជាច្រើនត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានី Dhaka និងកន្លែងផ្សេងទៀត ក្នុងប្រទេសបង់ក្លាដែស នៅថ្ងៃទី២៩ ខែកក្កដា ប៉ុន្តែពួកគេគ្រាន់តែជាចំណែកតិចតួចនៃទំហំ ដែលបានឃើញកាលពីដើមខែប៉ុណ្ណោះ៕