
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នឹងវិភាគការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើតទីបញ្ជាការយោធាថ្មី នៅក្នុងប្រទេសជប៉ុន។
មុននេះ សារព័ត៌មានអាមេរិក Wall Street Journal និងកាសែត Nikkei របស់ជប៉ុន បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងជប៉ុន អំពីការសម្រេចចិត្តបែបនេះរបស់ទីក្រុងវ៉ាស៊ីនតោន។ សារព័ត៌មាន Wall Street Journal បាននិយាយថា ក្នុងពេលជាមួយគ្នានោះ គោលបំណងនៃការពង្រឹងវត្តមានរបស់សហរដ្ឋអាមេរិក គួរតែជាការប្រឆាំងនឹងប្រទេសចិន និងរុស្ស៊ី។

លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា៖«នេះមិនមែនជាបញ្ហាពិតប្រាកដសម្រាប់វិមានក្រឹមឡាំងទេ ប៉ុន្តែជាបញ្ហាសម្រាប់ការវិភាគលើផ្នែកយោធារបស់យើង។ ខ្ញុំជឿងជាក់ថា ការវិភាគដ៏ចាំបាច់ នឹងត្រូវបានធ្វើឡើង។
យោងតាមសារពត៌មាន Nikkei ទីបញ្ជាការថ្មីនេះ នឹងត្រូវបានផ្ទេរមុខងារនៃបញ្ជាការប្រតិបត្តិការដែលមានទាហានអាមេរិកចំនួន ៥៥.000នាក់។ ឥឡូវនេះ ពួកគេ ត្រូវបានប្រគល់ឲ្យទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដែលឈរជើងនៅរដ្ឋហាវ៉ៃ។ ពេលវេលាខុសគ្នារវាងទីក្រុងតូក្យូ និងហូណូលូលូ(Honolulu) គឺ ១៩ម៉ោង។
ទីក្រុងតូក្យូ រំពឹងថា ការបង្កើតរចនាសម្ព័ន្ធបញ្ជាការបែបនេះ នឹងកើតឡើង នៅក្នុងកងកម្លាំងប្រដាប់អាវុធជប៉ុន នៅខែមេសា ឆ្នាំ ២០២៥ នឹងធ្វើឲ្យប្រសើរឡើងនូវការធ្វើសមយុទ្ធ និងប្រតិបត្តិការរួមគ្នា ក្នុងសម័យសន្តិភាព និងសម័យសង្គ្រាម។