
សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ (ទី៣០ ខែកក្កដា) នេះ បាននិយាយថា ខ្លួនកំពុងផ្តល់ប្រាក់ចំនួន ៥០០លានដុល្លារដល់ប្រទេសហ្វីលីពីន ដើម្បីជួយបង្កើនសមត្ថភាពយោធារបស់ទីក្រុងម៉ានីល ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ការពារការទាមទាររបស់ខ្លួនប្រឆាំងនឹងទីក្រុងប៉េកាំង ដែលកាន់តែបង្កអរិភាពខ្លាំងឡើងៗ នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បានចេញសេចក្តីប្រកាស បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ក៏ដូចជាសមភាគីហ្វីលីពីនរបស់ពួកគេផ្សេងទៀត ដែលមានរដ្ឋមន្ត្រីការបរទេស លោក Enrique Manalo និងរដ្ឋមន្ត្រីការពារជាតិ លោក Gilberto Teodoro Jr នៅទីក្រុងម៉ានីល។
លោក Austin បានហៅការផ្ដល់ជំនួយនេះថា ជា «ការវិនិយោគជំនាន់ដ៏វិសេស» ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធហ្វីលីពីន និងឆ្មាំល្បាតឆ្នេរហ្វីលីពីន។

ការផ្តល់ហិរញ្ញប្បទានយោធាបរទេសនេះ ស្ថិតនៅក្រោមថវិកាបន្ថែមសន្តិសុខជាតិដែលបានអនុម័តពីមុននេះ ដែលត្រូវបានអនុម័តដោយសភាសហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅសហរដ្ឋអាមេរិក លោក Jose Manuel Romualdez បានប្រាប់សារព័ត៌មាន Associated Press ថា ទីក្រុងម៉ានីលនឹងអាចប្រើប្រាស់មូលនិធិនេះ ដើម្បីទិញគ្រឿងយុទ្ធោបករណ៍ សម្រាប់កងទ័ពជើងទឹករបស់ប្រទេស។
លោកបានប្រាប់បន្ថែមថា ប្រហែល ១២៥លានដុល្លារអាមេរិក ក៏នឹងត្រូវបែងចែក សម្រាប់ការសាងសង់ និងការកែលម្អផ្សេងទៀត ដែលនឹងត្រូវធ្វើឡើង នៅក្នុងមូលដ្ឋានយោធាហ្វីលីពីនចំនួន៩ ដែលសហរដ្ឋអាមេរិក មាននាពេលបច្ចុប្បន្ននេះ ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA)៕