ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃពុធនេះថា លំនៅឋានជាង ៤.០០០ខ្នង នៅក្នុងទីក្រុង ស៊ិនអួយជូ (Sinuiju) និងស្រុកអួយជូ (Uiju) របស់កូរ៉េខាងជើង នៅជិតព្រំដែនជាមួយប្រទេសចិនត្រូវបានជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំង ដែលជំរុញឲ្យមេដឹកនាំ លោក Kim Jong-Un ចុះពិនិត្យស្ថានការដោយផ្ទាល់ និងបញ្ជាឲ្យមានកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះពលរដ្ឋដែលរងគ្រោះ។

របាយការណ៍បាននិយាយថា ផ្ទៃដីកសិកម្មប្រហែល ៧.៤០០ ហិចតា រួមនឹងអគារសាធារណៈ សម្ភារៈបរិក្ខារ និងផ្លូវថ្នល់ជាច្រើនត្រូវបានជន់លិចផងដែរ ដែលជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់រយៈពេលពីរថ្ងៃដោយការិយាល័យនយោបាយដ៏មានឥទ្ធិពលរបស់គណបក្សកាន់អំណាចនៅដើមសប្តាហ៍នេះ។

កាលពីដើមសប្ដាហ៍នេះ កូរ៉េខាងជើងបានរាយការណ៍ថាប្រជាពលរដ្ឋប្រមាណជាង៥.០០០នាក់ បានរងគ្រោះពីទឹកជំនន់នេះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA និយាយថា មេដឹកនាំ លោក Kim Jong Un បានធ្វើជាប្រធាននៃកិច្ចប្រជុំនេះ ហើយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការខូចខាត និងបានជំរុញឱ្យមានវិធានការម៉ឺងម៉ាត់ ដើម្បីស្តារតំបន់ដែលរងផលប៉ះពាល់ឡើងវិញ។

តំបន់នេះត្រូវបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះត្រូពិច ហ្កែមី (Gaemi) ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបានបណ្តាលឱ្យមានបំណាក់ដីសម្លាប់មនុស្ស ១២ នាក់នៅភាគខាងត្បូងប្រទេសចិន និងទឹកជំនន់ដ៏គំហុកនៅហ្វីលីពីន និងកោះតៃវ៉ាន់ ដែលបណ្ដាលឲ្យមនុស្សជាង៦០នាក់ស្លាប់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានបង្កើនការជូនដំណឹងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះអំពីរដូវខ្យល់មូសុង ហើយបានចេញរបាយការណ៍ជាច្រើនស្តីពីកិច្ចខិតខំប្រឹងប្រែងដើម្បី ប៉ាន់ប្រមាណការខូចខាតពីអាកាសធាតុអាប់អួរខ្លាំងនេះ៕