អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា ការវិនិយោគជាប្រវត្តិសាស្ត្រចាំបាច់ណាស់ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ ខណៈភាគឦសានសហរដ្ឋអាមេរិកបានរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងព្យុះកំបុតត្បូងដែលបានសម្លាប់មនុស្សយ៉ាងតិច ៤១នាក់។

ប្រធានាធិបតីបាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រឈមនឹងការបំផ្លិចបំផ្លាញ ដោយអាកាសធាតុនៅទូទាំងប្រទេស ហើយការដោះស្រាយវាគឺជា “បញ្ហានៃជីវិត និងការស្លាប់”។ ទីក្រុង New York និងរដ្ឋ New Jersey បានមើលឃើញកម្រិតទឹកភ្លៀងដ៏ខ្ពស់មិនធ្លាប់មាន។ ប្រជាពលរដ្ឋមួយចំនួនបានជាប់នៅក្នុងបន្ទប់ក្រោមដី និងរថយន្តដែលលិចទឹក។ អភិបាលរដ្ឋ New Jersey លោក Phil Murphy បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៣នាក់បានស្លាប់នៅក្នុងរដ្ឋរបស់លោក ដែលពួកគេភាគច្រើនជាប់គាំងនៅក្នុងរថយន្តរបស់ពួកគេនៅពេលទឹកឡើង។

មន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៤នាក់បានស្លាប់នៅក្នុងទីក្រុង New York រួមទាំងក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ផងដែរ។ មនុស្ស ១១នាក់បានលង់ទឹកស្លាប់ ខណៈជាប់នៅក្នុងបន្ទប់ក្រោមដីរបស់ពួកគេដែលទឹកជន់លិច។ មនុស្ស ៣នាក់បានស្លាប់នៅជិតទីក្រុង Philadelphia រដ្ឋ Pennsylvania ខណៈមនុស្សម្នាក់បានស្លាប់នៅរដ្ឋ Connecticut៕
អត្ថបទ៖ សុខមាន