ក្រុមហ៊ុនស្យាមគូបូតា និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សារណៈលើកិច្ចព្រមព្រៀង ការសហការគ្នា ដើម្បីពង្រឹងវិស័យកសិកម្ម ដើម្បី ផ្តល់អត្ថប្រយោជជូនដល់កសិករនៅក្នុងប្រទេសកម្ពុជា ។
លោកស្រី វៈរ៉ាផន អូសាក់ថាផាន់ (Waraporn Osathapan) អគ្គនាយករងជាន់ខ្ពស់ ក្រុមហ៊ុន ស្យាមគូបូតា និងលោក កាវ ម៉ាន់ឌឺក (Cao Manh Duc) អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៤ ចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា (MoU) លើកិច្ចសហការដើម្បីផ្តល់សេវាកម្មជូនប្រជាកសិករកម្ពុជាឲ្យបានកាន់តែប្រសើរឡើង ។ ការសហការ គ្នានេះមានគោលបំណងជាយុទ្ធសាស្រ្ត ដើម្បីជំរុញការធ្វើអាជីវកម្ម និងកិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមក លើផ្នែក ទីផ្សាររបស់ក្រុមហ៊ុនទាំងពីរ ដោយផ្តោតសំខាន់ គឺលើការអភិវឌ្ឍន៍កម្មវិធីទូរសព្ទដៃគូបូតា ដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរដល់ អតិថិជនគូបូតា។ Viettel Group ក្នុងនាមជាក្រុមហ៊ុននាំមុខគេ ក្នុងទីផ្សារទូរគមនាគមន៍នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ និងជាប់ចំណាត់ ថ្នាក់លេខមួយក្នុងប្រទេសកម្ពុជា ជាមួយនឹងបណ្តាញសេវាទូរសព្ទដៃមិត្តហ្វូន បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ នេះ។ យោងតាមទិន្នន័យរបស់យើង កសិករជាច្រើនកំពុងតែប្រើប្រាស់ទូរស័ព្ទដៃក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ហើយនិន្នាការនេះនៅ តែបន្តកើនឡើង។
លោកស្រី វៈរ៉ាផន អូសាក់ថាផាន់ (Waraporn Osathapan) មានប្រសាសន៍ថា ក្រុមហ៊ុនស្យាមគូបូតា បានផ្តោតយកចិត្ត ទុកដាក់យ៉ាងខ្លាំង ក្នុងការផ្តល់សេវាកម្ម និងការផ្តល់អត្ថប្រយោជន៍ពិសេសផ្សេងៗជូនអតិថិជនរបស់ខ្លួន តាមរយៈការចូលជាសមាជិក គូបូតា តាមគម្រោងថែរទាំអតិថិជន (CRM) ដែលក្នុងនោះមានគម្រោងអតិថិជនគូបូតា VIP ដែលបានផ្តល់អត្ថប្រយោជន៍ជូនដល់ អតិថិជនចាស់និងអតិថិជនថ្មី ។ ហើយកម្មវីធីទូរសព្ទដៃគូបូតា ផ្តល់ជាចំណេះដឹង និងវិធីថែទាំគ្រឿងចក្របានយ៉ាងមានប្រសិទ្ធភាព។
នៅក្នុងកិច្ចសហប្រតិបត្តិការនេះ គឺបានផ្តោតសំខាន់លើការផ្តល់សេវាកម្មឲ្យបានកាន់តែប្រសើរ ជូនដល់អតិថិជនដូចជា ការធ្វើរឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធសេវាទូរសព្ទជូនដល់អតិថិជនគូបូតា រួមជាមួយនិងការផ្តល់កញ្ចប់សេវាអ៊ិនធើណែត Wi-Fi និង សេវាកម្មអ៊ីនធើណែតដែលមានល្បឿនលឿន និងមានស្ថេរភាព ជាពិសេសជូនដល់អតិថិជនគូបូតាប្រចាំប្រទេសកម្ពុជា។ កិច្ចសហ- ប្រតិបត្តិការនេះ នឹងនាំទៅរកការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ផ្នែកសេវាកម្មសំខាន់ៗ ដែលនឹងផ្តល់អត្ថប្រយោជន៍ យ៉ាងធំធេងជូនដល់កសិករនៅក្នុងប្រទេសកម្ពុជា ៕ អត្ថបទ៖ សុន រ៉ាឌី




