
ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អឺរដូហ្កាន់ (Recep Tayyip Erdogan) បានថ្កោលទោសយ៉ាងដាច់ហង្ការចំពោះការធ្វើឃាតប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) នៅក្នុងទីក្រុងតេអេរ៉ង់ ហើយបានហៅវាថា ជាទង្វើដ៏គួរឲ្យស្អប់ខ្ពើម ដែលកំណត់គោលដៅទៅលើប៉ាឡេស្ទីន។
ទូរទស្សន៍រដ្ឋ TRT World បានដកស្រង់សេចក្តីថ្លែងការណ៍របស់លោក អឺរហ្កាន់ នៅលើគេហទំព័រ X របស់លោកថា ការធ្វើឃាតនេះ គឺជាទង្វើគួរឲ្យស្អប់ខ្ពើមក្នុងគោលបំណង ធ្វើឲ្យខូចដល់បុព្វហេតុប៉ាឡេស្ទីន ការតស៊ូដ៏រុងរឿងនៃតំបន់ហ្កាហ្សា និងការតស៊ូដ៏ត្រឹមត្រូវរបស់បងប្អូនប៉ាឡេស្ទីនរបស់យើង។

លោក បានសង្កត់ធ្ងន់ថា ប្រទេសទួរគី «នឹងបន្តរិះរកគ្រប់មធ្យោបាយ ប្រឹងប្រែងទាំងអស់ និងគាំទ្របងប្អូនប៉ាឡេស្ទីន ដោយគ្រប់មធ្យោបាយ និងកម្លាំងរបស់យើង»។ លោកបាននិយាយថា៖«យើងនឹងបន្តធ្វើការសម្រាប់ការបង្កើតរដ្ឋសេរី អធិបតេយ្យភាព និងឯករាជ្យនៃប៉ាឡេស្ទីន ដោយមានក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន ដោយផ្អែកលើព្រំដែនឆ្នាំ ១៩៦៧»។
មុននេះ ក្រុមហាម៉ាស បាននិយាយថា លោក ហានីយេ ប្រធានការិយាល័យនយោបាយនៃចលនាប៉ាឡេ ស្ទីនហាម៉ាស ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើលំនៅដ្ឋានរបស់ខ្លួន ក្នុងទីក្រុង តេអេរ៉ង់ ជាទីដែលលោក បានមកដល់ ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសអ៊ីរ៉ង់គឺ លោក Masoud Pezeshkian ។ ទូរទស្សន៍ Al Hadath បានរាយការណ៍ថា លោក ហានីយេ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីល ដោយផ្ទាល់។