ក្រុមបាតុករបានប៉ះទង្គិចជាមួយនគរបាលនៅជិតការិយាល័យ Downing Street ក្នុងទីក្រុងឡុងដ្រ៍កាលពីថ្ងៃពុធ ខណៈចក្រភពអង់គ្លេស បានប្រឈមមុខទៅនឹងបាតុកម្មនៅយប់ទីពីរ បន្ទាប់ពីការស្លាប់ក្មេងស្រីបីនាក់ ក្នុងការវាយប្រហារដោយកាំបិតដ៏បង្ហូរឈាម។

មនុស្សរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅជិតលំនៅឋានរបស់នាយករដ្ឋមន្ត្រី ដោយស្រែកថា «ជួយសង្គ្រោះកូនៗ របស់យើង» និងពាក្យថា «យើងចង់ឱ្យប្រទេសរបស់យើងត្រឡប់មកវិញ»។
នគរបាលច្រើននាក់ ដែលពាក់មួកសុវត្ថិភាព បានបង្កើតរបាំងរារាំងក្រុមបាតុករ ដែលកាលពីពេលមុន បានគប់អណ្តាតភ្លើង និងកំប៉ុងផ្សែង ទៅកាន់ការិយាល័យ Downing Street។
នគរបាល ក៏បានត្រៀមទប់ទល់សម្រាប់បញ្ហាបន្ថែមទៀតនៅទីក្រុងឆ្នេរសមុទ្រ Southport របស់អង់គ្លេស ជាកន្លែងដែលការចាក់សម្លាប់ បានកើតឡើង កាលពីថ្ងៃច័ន្ទ។

មន្ត្រីជាង៥០នាក់ បានរងរបួសកាលពីយប់ថ្ងៃអង្គារក្នុងការប៉ះទង្គិចគ្នាដោយហិង្សា។
ភាពវឹកវរនៅក្នុងទីក្រុង Southport កាលពីថ្ងៃអង្គារ បានកើតឡើងបន្ទាប់ពីព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ជនសង្ស័យនៅពីក្រោយការចាក់សម្លាប់ក្មេងស្រី កាលពីថ្ងៃចន្ទ គឺជាជនអន្តោប្រវេសន៍អ៊ីស្លាមនិយម។
រថយន្តនគរបាល ត្រូវបានដុតបំផ្លាញ ហើយក្រុមអ្នកតវ៉ាបានគប់ដុំថ្ម ដប និងកាំជ្រួច ទៅលើមន្រ្តី និងគប់ទៅលើរថយន្ត ដែលចតនៅវិហារអ៊ីស្លាម ក្នុងទីក្រុង។