តេក្វាន់ដូ៖ ការប្រកួតកីឡាតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េឆ្នាំ២០២១ ឬ 2021 Korean Ambassadors Cup Taekwondo Competition ដែលរៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ WT បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតតាមអនឡាញរយៈពេល ១សប្ដាហ៍កន្លងទៅដោយមានកីឡាករ-កីឡាការិនី ១៧៥នាក់មកពី ១៦រាជធានី-ខេត្តចូលរួម។

ក្រោយរកឃើញម្ចាស់ជ័យលាភី សហព័ន្ធបានរៀបចំនូវពិធីប្រគល់រង្វាន់លក្ខណៈចង្អៀត ដោយគោរពតាមវិធានការសុខាភិបាលក្រោមវត្តមានលោក ជ្រិន សុធា អគ្គលេខាធិការសហព័ន្ធតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT រួមទាំងលោក Park Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាផងដែរ។ ថ្លែងក្នុងពិធីបិទការប្រកួតលោក ជ្រិន សុធា បានថ្លែងអំណរគុណចំពោះស្ថានទូតសាធារណរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភគាំទ្រដល់ការប្រកួតនេះរៀងរាល់ឆ្នាំតាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ លោកចាត់ទុកការប្រកួតនេះគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍកីឡាតេក្វាន់ដូ WT នៅកម្ពុជា តាមរយៈការផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីបានចូលរួមប្រកួតប្រជែង និងបង្ហាញនូវសមត្ថភាពរបស់ខ្លួន។
ទន្ទឹមជាមួយគ្នាលោក Park Heung Kyeong ក៏បានថ្លែងអំណរគុណចំពោះប្រធានសហព័ន្ធឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលបានចំពោះការប្រកួតនេះឡើងរៀងរាល់ឆ្នាំ ពិសេសលោកបានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធនៅក្នុងបរិបទកូវីដ-១៩ នៅតែមានសកម្មភាពលេចធ្លោដោយមានក្រុមអត្តពលិកចូលរួម ប្រកួតប្រជែងគួរឲ្យកត់សម្គាល់លើប្រភេទកីឡាអូឡាំពិកនេះ។ ចំពោះលទ្ធផលការប្រកួតវិញ សម្រាប់វិញ្ញាសាមេគុនឯកត្តជនបុរស-នារីអាយុក្រោម១៥ឆ្នាំ (ខ្សែក្រវាត់ខៀវ) កីឡាករ ប៊ន បញ្ញា ទទួលបានមេដាយមាសមកពីក្លិប DAIL និងកីឡាការិនិ រិទ្ធ ថាវី ទទួលបានមេដាយមាសមកពីក្លិប WONGKWANG ខេត្តបាត់ដំបង។ វិញ្ញាសាមេគុនឯកត្តជនបុរស-នារីអាយុ ១៥ឆ្នាំឡើង (ខ្សែក្រវាត់ខៀវ ) កីឡាករ សំ ថារ៉ា ទទួលបានមេដាយមាសមកពីខេត្តកណ្តាល និងកីឡាការិនិ តាំង មួយហៀង ទទួលបានមេដាយមាសមកពីក្លិប THE BEST ភ្នំពេញ។
ចំណែកវិញ្ញាសាមេគុនឯកត្តជនបុរស-នារីអាយុក្រោម ១៥ឆ្នាំ (ខ្សែក្រវាត់ខ្មៅ ១ដាន់) កីឡាករ ស៊ឹម សុខហ៊ាង ទទួលបានមេដាយមាសមកពីក្លិបសាមគ្គី-ភ្នំពេញ និងកីឡាការិនី ហ៊ីង មុន្នីបញ្ញា ទទួលបានមេដាយមាសមកពីមកពី NEW WORLD ភ្នំពេញ និងវិញ្ញាសាមេគុនឯកត្តជនបុរស-នារីមិនគិតអាយុ ចាប់ពីខ្សែក្រវាត់ខ្មៅ ២ដាន់ឡើង កីឡាករ ធួន ណាវុធ ទទួលបានមេដាយមាសមកពីក្លិប INR ភ្នំពេញ និងកីឡាការិនី ណាង វណ្ណៈ ទទួលបានមេដាយមាសមកពីក្លិបប៉ូលីស-ភ្នំពេញ៕
អត្ថបទ៖ លី ឈុនឡា