អាហ្វហ្គានីស្ថាន៖ អ្នកនាំពាក្យក្រុមតាលីបង់ លោក Suhail Shaheen បាននិយាយថា ក្រុមមន្ត្រីជាន់ខ្ពស់តាលីបង់បានជួបប្រជុំគ្នា នៅទីក្រុងកាប៊ុលកាលពីថ្ងៃអាទិត្យ ទី៥ ខែកញ្ញាជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ដែលបានសន្យាថា នឹងរក្សាការផ្ដល់ជំនួយសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន។
លោក Mullah Abdul Ghani Baradar ប្រធានការិយាល័យនយោបាយរបស់ក្រុមតាលីបង់ និងមន្ត្រីផ្សេងទៀតបានជួបលោក Martin Griffiths ខណៈអាហ្វហ្គានីស្ថានប្រឈមនឹងវិបត្តិមនុស្សធម៌ដ៏មហន្តរាយ ដែលបង្កឡើងដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងសេដ្ឋកិច្ចដួលរលំ។ លោក Shaheen បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “គណៈប្រតិភូអង្គការសហប្រជាជាតិរូបនេះ បានសន្យាបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនអាហ្វហ្គានីស្ថាន ដោយនិយាយថា លោកនឹងអំពាវនាវរកជំនួយបន្ថែមដល់អាហ្វហ្គានីស្ថាន ក្នុងអំឡុងពេលកិច្ចប្រជុំបណ្តាប្រទេសម្ចាស់ជំនួយនាពេលខាងមុខនេះ”។
អាហ្វហ្គានីស្ថានដែលជាប្រទេសក្រីក្របំផុតមួយនៅលើពិភពលោក បានធ្លាក់ចូលទៅក្នុងវិបត្តិដោយការបញ្ចប់ជំនួយបរទេសរាប់ពាន់លានដុល្លារភ្លាមៗ បន្ទាប់ពីការដួលរលំរដ្ឋាភិបាលដែលគាំទ្រដោយបណ្ដាប្រទេសលោកខាងលិច និងជ័យជំនះរបស់ក្រុមតាលីបង់កាលពីខែមុន។ លោក Shaheen បាននិយាយថា ពួកតាលីបង់បានធានាដល់គណៈប្រតិភូអង្គការសហប្រជាជាតិ អំពីកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលចាំបាច់នានា៕
អត្ថបទ៖ សុខមាន