
យោធាអ៊ីស្រាអែល បានប្រាប់ឲ្យដឹងថា ខ្លួនបានបញ្ជាក់ថា មេយោធារបស់ក្រុមហាម៉ាស លោក Mohammed Deif ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាស នៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីខែមុន។
គួរបញ្ជាក់ថា លោក Deif ត្រូវបានកំណត់គោលដៅក្នុងការវាយប្រហារលើបរិវេណក្នុងតំបន់ Khan Younis កាលពីថ្ងៃទី១៣ ខែកក្កដា។ តែយ៉ាងណាក្ដី ក្រុមហាម៉ាសមិនទាន់បញ្ជាក់ពីការស្លាប់របស់មេដឹកនាំរូបនេះនៅឡើយទេ។
អ៊ីស្រាអែលនិយាយថា លោក Deif គឺជាម្នាក់ក្នុងចំណោមឥស្សរជនដែលទទួលខុសត្រូវ ចំពោះការរៀបចំផែនការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា នៅភាគខាងត្បូងអ៊ីស្រាអែល ដែលហេតុការណ៍នោះ បានសម្លាប់មនុស្ស ១.២០០នាក់។

ការប្រកាសរបស់អ៊ីស្រាអែលនេះ កើតឡើងបន្ទាប់ពីមានការធ្វើឃាតលើមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស គឺលោក Ismael Haniyeh ដែលត្រូវបានសម្លាប់នៅក្នុងទីក្រុងតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ និងមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា គឺលោក Fuad Shukr ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើរដ្ឋធានីបេរូតរបស់ប្រទេសលីបង់។
លោក Deif គឺជាមេបញ្ជាការកងពលតូច Izzedine al-Qassam ដែលជាមែកធាងយោធារបស់ចលនាក្រុមហាម៉ាស។ លោកធ្លាប់ត្រូវបានអាជ្ញាធរអ៊ីស្រាអែលចាប់ដាក់ពន្ធនាគារក្នុងឆ្នាំ១៩៨៩ បន្ទាប់មកលោកបានបង្កើតកងពលតូចក្នុងគោលបំណងចាប់ទាហានអ៊ីស្រាអែល៕