រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វ៉ុង (Penny Wong) បាននិយាយនៅថ្ងៃសុក្រ (០២ សីហា) នេះថា ការពិនិត្យឡើងវិញរបស់រដ្ឋាភិបាលអូស្ត្រាលី លើការស្លាប់របស់បុគ្គលិកផ្តល់ជំនួយនៅតំបន់ហ្កាហ្សា បានរកឃើញថាការបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការអនុវត្តតាមនីតិវិធីរបស់យោធាអ៊ីស្រាអែល បាននាំឱ្យមានឧបទ្ទវហេតុដ៏សោកសៅនោះ ប៉ុន្តែថាអ៊ីស្រាអែល មិនបានធ្វើការវាយប្រហារតាមអាកាសលើយានយន្តរបស់បុគ្គលិកជំនួយដោយចេតនាទេ។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីខែមេសា បានសម្លាប់បុគ្គលិកសប្បុរសធម៌ចំនួន ៧នាក់មកពីអង្គការផ្ទះបាយកណ្ដាលពិភពលោក (WCK) ក្នុងតំបន់ហ្កាហ្សា ដោយបានទាក់ទាញការថ្កោលទោសយ៉ាងទូលំទូលាយពីអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួន។ អ្នកស្លាប់រួមមានពលរដ្ឋអូស្ត្រាលី អង់គ្លេស និងប៉ូឡូញ ព្រមទាំងប៉ាឡេស្ទីន និងពលរដ្ឋសញ្ជាតិពីរ អាមេរិក-កាណាដា។

ការពិនិត្យឡើងវិញរបស់អូស្ត្រាលីលើការស្លាប់ ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ បានរកឃើញការបរាជ័យធ្ងន់ធ្ងរក្នុងការអនុវត្តតាមនីតិវិធីរបស់កងកម្លាំងការពារអ៊ីស្រាអែល ការកំណត់អត្តសញ្ញាណខុស និងកំហុសក្នុងការសម្រេចចិត្ត។

កងកម្លាំងការពារអ៊ីស្រាអែល IDF បានហៅឧបទ្ទវហេតុនេះថាជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរដែលមិនគួរកើតឡើង។ លោកស្រី Wong បាននិយាយថា អូស្ត្រាលីនឹងជំរុញឱ្យមានការទទួលខុសត្រូវពេញលេញសម្រាប់អ្នកដែលបង្កកំហុសនោះ រួមទាំងការចោទប្រកាន់ព្រហ្មទណ្ឌតាមការគួរផងដែរ៕