ប្រជាជនវេណេស៊ុយអេឡាជាច្រើននាក់ បានត្រឡប់ទៅរកការងារប្រចាំថ្ងៃរបស់ពួកគេវិញកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកាលពីចុងសប្តាហ៍ បានបង្កឱ្យមានការតវ៉ានៅក្នុងប្រទេស។ ហាងទំនិញនានា បានបើកទ្វារវិញ ប្រជាជនបានធ្វើដំណើរនៅតាមដងផ្លូវ ហើយការដឹកជញ្ជូនសាធារណៈបន្តក្នុងទីក្រុងការ៉ាកាស ដោយពលរដ្ឋម្នាក់និយាយថា សកម្មភាពប្រចាំថ្ងៃដូចជាការងារ ត្រូវតែបន្ត ដូច្នេះពលរដ្ឋ អាចមានជីវភាពរស់នៅល្អប្រសើរឡើងវិញ។

ក្រុមប្រឹក្សាបោះឆ្នោតរបស់ប្រទេសវេណេស៊ុយអេឡា បានប្រកាសថា លោក Maduro ដែលកាន់អំណាចតាំងពីឆ្នាំ២០១៣ ជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ដោយទទួលបាន៥១% នៃសន្លឹកឆ្នោត ប៉ុន្តែគណបក្សប្រឆាំងនិយាយថាចំនួនសរុបរបស់ខ្លួនប្រហែល ៩០% បង្ហាញថា លោក Gonzalez ទទួលបានការគាំទ្រច្រើនជាងទ្វេដង លើលោកប្រធានាធិបតីដែលកំពុងកាន់អំណាច។

ការបោះឆ្នោតដ៏ចម្រូងចម្រាស បាននាំឱ្យមានការតវ៉ារាលដាល និងបង្ហូរឈាម ដែលលោក Maduro និងសម្ព័ន្ធមិត្តរបស់លោក នៅក្នុងផ្នែកយោធា បានរិះគន់ខ្លាំងៗថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា អង្គការ បានទទួលរបាយការណ៍អំពីអ្នកស្លាប់ចំនួន ២០ នាក់ នៅក្នុងបាតុកម្ម ក្រោយការបោះឆ្នោត។
ប្រទេសជាច្រើននៅអឌ្ឍគោលខាងលិច រួមទាំងប្រទេសមហាអំណាចក្នុងតំបន់ មានប្រេស៊ីល និងសហរដ្ឋអាមេរិក កំពុងដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោក Maduro ឱ្យបញ្ចេញលទ្ធផលសរុបនៃការបោះឆ្នោត ជាអ្វីដែលរដ្ឋាភិបាលរបស់លោក មិនទាន់ធ្វើនៅឡើយ។