ប្រធានាធិបតីវៀតណាម លោក To Lam ត្រូវបានតែងតាំងជាអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ដែលជាតំណែងកំពូលរបស់ប្រទេស នៅថ្ងៃសៅរ៍ (ទី៣ ខែសីហា) នេះ ដោយឡើងជំនួសអតីតប្រមុខបក្ស លោក Nguyen Phu Trong ដែលបានទទួលមរណភាពកាលពី ២សប្តាហ៍មុន។
លោក Lam បានចាប់ផ្ដើមធ្វើតួនាទីជាប្រធានបក្ស កាលពីថ្ងៃទី១៨ ខែកក្កដា មួយថ្ងៃមុនការស្លាប់របស់លោក Trong ខណៈសុខភាពរបស់អ្នកកាន់តំណែងមុនរូបនេះមានសភាពកាន់តែយ៉ាប់យ៉ឺនខ្លាំង។ ក្រុមមន្ត្រីបានប្រាប់សន្និសីទសារព័ត៌មានមួយថា គណៈប្រតិភូបក្សបានគាំទ្រជាឯកច្ឆន្ទ ក្នុងការតែងតាំងលោក Lam នេះ។
ថ្លែងទៅកាន់គណៈប្រតិភូ លោក Lam បានប្ដេជ្ញាថា នឹងស្នងមរតក និងលើកតម្កើងកេរដំណែលរបស់លោក Trong ដោយមិនផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះឡើយ ដោយផ្តោតលើការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខ្លួន និងបន្ត «យ៉ាងខ្លាំងក្លា» នូវយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់វៀតណាម។ លោកបាននិយាយថា៖ «ខ្ញុំនឹងបន្តពន្លឿនការប្រឆាំងអំពើពុករលួយ ដោយមិនគិតថា បុគ្គលទាំងនោះ ជាអ្នកណាឡើយ»។
គួរបញ្ជាក់ថា វៀតណាមមិនមានមេដឹកនាំកំពូលជាផ្លូវការនោះទេ ប៉ុន្តែប្រធានបក្សដើរតួនាទីលេចធ្លោជាងអ្នកផ្សេងទៀតយ៉ាងមានប្រសិទ្ធភាព បន្ទាប់ពីលោក Trong បានពង្រឹងអំណាចនៃតួនាទីនេះ ក្នុងអំឡុងពេលកាន់តំណែងរយៈពេល ១៣ឆ្នាំរបស់លោក៕