សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ មានព្រះបន្ទូលថា ព្រះសង្ឃគណៈធម្មយុត្តិកនិកាយ នៅក្នុងប្រទេសកម្ពុជា មានការគាំទ្រយ៉ាងខ្លាំង និងបានត្រៀមរួចរាល់ហើយ ដើម្បីចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ស្អែកនេះ។

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះបន្ទូលស្ញប់ស្ញែង ចំពោះសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានពុះពារ នាំយកមកនូវសុខសន្តិភាពពេញលេញ ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយមានការគិតខ្ពស់ និងចក្ខុវិស័យដ៏វែងឆ្ងាយថែមទៀត គឺការផ្ដួចផ្ដើមកសាងនូវព្រែកជីកហ្វូណនតេជោ ដែលនឹងផ្ដល់នូវអត្ថប្រយោជន៍មិនអាចកាត់ថ្លៃបាន និងដ៏មហាសាល ។
សម្ដេចព្រះមហាសង្ឃរាជ មានបន្ទូលបន្ថែមថា ចំពោះសមិទ្ធផលនេះ គឺកូនខ្មែរគ្រប់រូប ត្រូវតែគាំទ្រ និងអបអរសាទរគ្រប់ៗគ្នា ព្រោះជាសមិទ្ធផលរបស់ជាតិ ហើយមានជំនឿមុតមាំថាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអនុវត្តគម្រោងនេះទទួលបានជោគជ័យ ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បី តភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ លក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹក មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦ លាននាក់ រស់នៅអមសងខាង ផ្លូវទឹកនេះ៕
អត្ថបទ បាន សុខរិទ្ធិ