នគរបាលនីហ្សេរីយ៉ាកាលពីថ្ងៃសៅរ៍បានចាប់ខ្លួនបាតុករជិត៧០០នាក់ និងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកអ្នកដែលព្យាយាមដើរដង្ហែក្បួនទៅកាន់ការិយាល័យរដ្ឋាភិបាលក្នុងរដ្ឋធានី អាប៊ូចា (Abuja) នៅថ្ងៃទីបីនៃបាតុកម្មជុំវិញវិបត្តិការចំណាយខ្ពស់ក្នុងជីវភាពរស់នៅ។

អ្នកឃើញហេតុការណ៍បាននិយាយថា នៅភាគខាងជើងរដ្ឋ Kano មនុស្សយ៉ាងហោចណាស់ ម្នាក់ត្រូវបានបាញ់ចំកញ្ចឹងក ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា មនុស្សយ៉ាងហោចណាស់១៣ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅពេលការតវ៉ាបានក្លាយជាហិង្សា ដោយបានស្ដីបន្ទោសចំពោះការប្រើគ្រាប់កាំភ្លើងពិត។

នគរបាលបាននិយាយកាលពីថ្ងៃសៅរ៍ថា ក្នុងរយៈពេលបីថ្ងៃនៃការតវ៉ាមនុស្ស ៧ នាក់បានស្លាប់ ប៉ុន្តែពួកគេបានបដិសេធមិនទទួលខុសត្រូវ។ នគរបាលបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សជិត៧០០ នាក់ត្រូវបានចាប់ខ្លួន អំឡុងការតវ៉ា ហើយមន្រ្តី៩ នាក់បានរងរបួស។
កងកម្លាំងនគរបាលបានព្យាយាមរារាំងក្រុមអ្នកតវ៉ានៅជាយក្រុងធំៗ ដើម្បីជៀសវាងការរំខានដល់អាជីវកម្ម និងចរាចរណ៍៕