លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro បាននិយាយកាលពីចុងសប្ដាហ៍នេះថា មនុស្សប្រមាណជាង ២.០០០នាក់ ត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹង "ឧក្រិដ្ឋកម្ម" ក្នុងអំឡុងពេលតវ៉ាជុំវិញលទ្ធផលដ៏ចម្រូងចម្រាសនៃការបោះឆ្នោតប្រធានាធិបតី។

ក្នុងអំឡុងការប្រមូលផ្តុំគ្នានៅទីក្រុង ការ៉ាកាស លោក Maduro បានសន្យា "ដាក់ទណ្ឌកម្មជាអតិបរមា" និងបានចោទប្រកាន់អ្នកជាប់ឃុំពីបទប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ។
មេដឹកនាំសង្គមនិយមរូបនេះ បាននិយាយនៅចំពោះមុខក្រុមអ្នកគាំទ្រថា ពេលនេះនឹងមិនមានការលើកលែងទោសទេ។
ក្រុមអាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសវ៉េណេស៊ុយអេឡា ដែលត្រូវបានវាយប្រហារដោយអ្នករិះគន់ ថា ជាការពេញចិត្តក្រុមសង្គមនិយមដែលកំពុងកាន់អំណាចនោះ បានប្រកាសថា លោក Maduro ជាអ្នកឈ្នះការបោះឆ្នោតកាលពីថ្ងៃអាទិត្យមុន។

លទ្ធផលបោះឆ្នោតដែលបានចេញផ្សាយ ត្រូវបានរួបរឹតដោយការចោទប្រកាន់យ៉ាងទូលំទូលាយអំពីការក្លែងបន្លំ និងការតវ៉ា។ ក្រោយមក កងកម្លាំងសន្តិសុខបានបង្ក្រាបការតវ៉ាបណ្ដាលឲ្យមនុស្សមួយចំនួនស្លាប់ ដែលរដ្ឋាភិបាលរបស់លោក Maduro បានហៅជាផ្នែកមួយនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារគាំទ្រដោយសហរដ្ឋអាមេរិក។
ប្រធានាធិបតីប្រទេសប្រេស៊ីល ម៉ិកស៊ិក និងកូឡុំប៊ី បានអំពាវនាវឱ្យវ៉េណេស៊ុយអេឡា បញ្ចេញចំនួនសន្លឹកឆ្នោតលម្អិត ស្របពេលមានជម្លោះជុំវិញលទ្ធផលបោះឆ្នោតប្រធានាធិបតី៕