នាយសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះ ថា ជើងទម្រមីស៊ីលបាលីស្ទីកតាកទិកថ្មីរបស់ក្រុងព្យុងយ៉ាង នឹងត្រូវប្រើដើម្បីគំរាម ក្រុងសេអ៊ូល ។

លោក Lee Sung-jun អ្នកនាំពាក្យសម្រាប់នាយសេនាធិការចម្រុះខាងលើបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃចន្ទនេះថា យើងជឿថា ជើងទម្របាញ់មីស៊ីលទាំងនេះ មានចេតនាប្រើតាមវិធីផ្សេងៗ ដូចជា វាយប្រហារ ឬ គំរាមកូរ៉េខាងត្បូង។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានពិនិត្យមើលការដឹកជញ្ជូនជើងទម្រមីស៊ីលប្រភេទថ្មីចំនួន២៥០ គ្រឿង ដែលត្រូវបានគេហៅថាជា អាវុធវាយប្រហារតាកទិកទំនើប ផលិតឡើងដោយលោក Kim សម្រាប់អង្គភាពកងទ័ពរបស់លោក នៅតាមសមរភូមិមុខ ជាមួយកូរ៉េខាងត្បូង ។
អំឡុងសុន្ទរកថារបស់លោក លោក Kim បានស្ដីបន្ទោសសហរដ្ឋអាមេរិក ដែលបានធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង សម្រាប់ការបង្កើត ប្លុកយោធាផ្អែកលើនុយក្លេអ៊ែរ ដែលបង្ខំឲ្យប្រទេសរបស់លោកពង្រឹងសមត្ថភាពយោធាបន្ថែមទៀត ៕