ក្រសួងការបរទេសទួរគីកាលពីថ្ងៃអាទិត្យ បានណែនាំពលរដ្ឋរបស់ខ្លួន ឲ្យចាកចេញពីប្រទេសលីបង់ ហើយជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសនេះ ស្របពេលមានភាពតានតឹងក្នុងតំបន់ កើនឡើង។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មានលទ្ធភាពដែលស្ថានភាពសន្តិសុខ នៅក្នុងប្រទេសលីបង់ អាចកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស ដោយសារតែការវិវឌ្ឍថ្មីៗ នៅក្នុងតំបន់របស់យើង» ។
ក្រសួង បាននិយាយថា៖«ប្រជាពលរដ្ឋរបស់យើង គួរតែចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសលីបង់ ប្រសិនបើពុំមានការចាំបាច់ទេនោះ»។
ក្រសួងនេះ ក៏បានណែនាំដល់ពលរដ្ឋទួរគី នៅក្នុងប្រទេសលីបង់ ឲ្យមានការប្រុងប្រយ័ត្ន និងចៀសវាងការធ្វើដំណើរ ទៅកាន់ខេត្ត Nabatieh, South Lebanon, Bekaa និង Baalbek-Hermel បើសិនមិនមានកិច្ចការចាំបាច់។

ក្រសួងក៏បានណែនាំដល់ពលរដ្ឋទួរគី «ឲ្យចាកចេញពីលីបង់ ប្រសិនបើអាចធ្វើទៅបាន ខណៈដែលជើងហោះហើរពាណិជ្ជកម្ម នៅតែដំណើរការ»។
ការប្រឈមមុខដាក់គ្នារវាងក្រុមប្រដាប់អាវុធលីបង់ហេសបូឡានិងអ៊ីស្រាអែល បានកើនឡើងនាពេលថ្មីៗនេះ បន្ទាប់ពីបានចោទក្រុមហេសបូឡាថា បានវាយប្រហារលើទីលានបាល់ទាត់ ក្នុងទីក្រុង Majdal Shams ក្នុងតំបន់ខ្ពង់រាប Golan Heights ដែលបានកាន់កាប់ដោយអ៊ីស្រាអែល បានសម្លាប់មនុស្សរាប់សិបនាក់។ អ៊ីស្រាអែល បានសងសឹកដោយការបាញ់មីស៊ីលចំនួន បីគ្រាប់ កាលពីល្ងាចថ្ងៃអង្គារ នៅជាយក្រុងភាគខាងត្បូងក្រុងបេរូត ដោយបានសម្លាប់លោក Fouad Shokor មេបញ្ជាការយោធាជាន់ខ្ពស់របស់ក្រុមហេសបូឡា និងជនស៊ីវិល ៧នាក់។