អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani កាលពីថ្ងៃអាទិត្យ បានថ្កោលទោសការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវរបស់អ៊ីស្រាអែល ទៅលើសាលារៀន al-Nasr និង Hassan Salama ក្នុងទីក្រុងហ្កាហ្សា។

នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Kanaani បានពណ៌នាអំពីការវាយឆ្មក់ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ២៥នាក់ និងរាប់សិបនាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃអាទិត្យ ដែលជា «ឧក្រិដ្ឋកម្មសង្គ្រាមថ្មីបំផុតរបស់អ៊ីស្រាអែល»។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធ ដែលកំពុងប្រតិបត្តិការ នៅខាងក្នុងទីបញ្ជាការនិងកន្លែងត្រួតពិនិត្យរបស់ក្រុមហាម៉ាស ដែលត្រូវបានលាក់នៅខាងក្នុងសាលារៀន។

លោក Kanaani បានសង្កត់ធ្ងន់ថា ទោះបីជាមាន«អំពើឃោរឃៅដ៏គួរឲ្យរន្ធត់» និង «ឧក្រិដ្ឋកម្មសង្គ្រាម» របស់អ៊ីស្រាអែលក៏ដោយ «តុល្យភាពយុទ្ធសាស្ត្រនៅក្នុងទឹកដីប៉ាឡេស្ទីន ក៏ដូចជានៅក្នុងតំបន់ នឹងមិនគាំទ្រដល់អ៊ីស្រាអែល និងអ្នកគាំទ្ររបស់ខ្លួនឡើយ»។
កងទ័ពអ៊ីស្រាអែល បាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំលើតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីក្រុមហាម៉ាស បានធ្វើការវាយប្រហារដែលមិនធ្លាប់មានពីមុនមក លើទីប្រជុំជនអ៊ីស្រាអែល ដែលនៅជាប់នឹងតំបន់ហ្កាហ្សាស្ទ្រីប ដោយបានសម្លាប់មនុស្សប្រហែល ១.២០០នាក់។